ផ្សារ​ដែក​មិន​ប្រយ័ត្ន​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​២​ខ្នង​អស់ទាំង​ស្រុង

104

រាជធានី​ភ្នំពេញ ៖ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ផ្ទះ ដែល​ជា​ផ្ទះ​សម្រាប់​ធ្វើ​កុងម៉ា​សែន​សម្រាប់​លក់ ត្រូវ​មហន្តរាយ​ដោយ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់​គ្មាន​សល់ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​តា​ង៉ូ​វ​ក្រោម តាម​បណ្តោយ​ផ្លូវ​បា​ស្ព័​រ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ លំនៅ​ដ្ឋា​ន​ទាំង​២​ខ្នង​ដែល​ឆាបឆេះ​ខាងលើ មួយ​ខ្នង​ជា​ប្រភេទ​ឃ្លាំង​សង់​ឡើង​ពី​ដែក​ប្រក់​ដំបូល​ស​ង្ក័​សី និង​មួយ​ខ្នង​ទៀត​ជា​ប្រភេទ​ផ្ទះល្វែង លំនៅ​ដ្ឋា​ន​ទាំង​២ មាន​ម្ចាស់​រួម​តែ​មួយ​។

Loading...

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ ក្រុម​កម្មករ បាន​នាំ​គ្នា​ផ្សារ​ដែក លុះ​ផ្សារ​បាន​មួយសន្ទុះ​ក៏​ខ្ទាត​កម្ទេច​ភ្លើង​ទៅ​លើ​កុងម៉ា​ឈើ​ដែល​ទុក​នៅ​ក្បែរ​នោះ បណ្តាល​ឲ្យ​ឆាបឆេះ​ឡើង រាលដាល​ដល់​កុងម៉ា​ឈើ​ផ្សេង​ៗ​ជា​ច្រើន​ដែល​តម្រៀប​នៅ​ក្បែរ​នោះ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្បែរ​ខាង នាំ​គ្នា​ជួយ​ទំនាក់ទំនង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​ជួយ​អន្តរាគមន៍​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាជ្ញាធរ​ចម្រុះ មាន​នគរបាល​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ រួម​ទាំង​រថយន្ត​ព​ន្ល​តើ​អគ្គី​ភ័យ​ជា​ច្រើន​គ្រឿង បាន​ចុះ​អន្តរាគមន៍​ដើម្បី​បាញ់​ទឹក​ទប់ស្កាត់ អណ្តាតភ្លើង​។ ក្រោយ​ការ​អន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់​រួច​មក អណ្តាតភ្លើង​ត្រូវ​បាន​រលត់​សូន្យសុង​ទៅ​វិញ ១០០​ភាគរយ នៅ​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃខែ​ដដែល ដោយ​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន​ទាំង​២​ខ្នង​ខាងលើ អស់ទាំង​ស្រុង រួម​ទាំង​បំផ្លាញ​សម្ភារ និង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ​ផង​ដែរ​។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ ខាងលើ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​ជិត​២០​គ្រឿង និង​ប្រើប្រាស់​ពេលវេលា​ជិត​២​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ​។ ក្នុង​ករណី​ដដែល​នេះ ពុំ​មាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់ រង​របួស​ឡើយ ហើយ​ក៏​ពុំ​មានការ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ដទៃ​ផ្សេង​ទៀត ក្រៅពី​លំនៅ​ដ្ឋា​ន​ទាំង​២​ខាងលើ​៕ ដោយ​៖ ម៉​ម លី​ហេង