រថយន្ត​ដឹក​ស្រា​បៀរ​បែក​កង់​ក្រឡាប់​ផ្ងារជើង ចាក់​ស្រា​បៀរ​ចោល​ពេញ​ផ្លូវ

148

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រង​របួសស្រាល ខណៈ​ជួប​គ្រោះថ្នាក់ ចរាចរ បណ្តាល​មក​ពី​រថយន្ត​ដឹក​គ្រឿង​ភេសជ្ជៈ​បែក​កង់​ខាងស្តាំ​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង ចាក់​កេះ​ស្រា​បៀរ ចោល​ពេញ​ផ្លូវ ប៉ុន្តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នោះ​ទេ គ្រាន់តែ​រង​របួសស្រាល តៃកុង​ឡាន និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ប៉ុណ្ណោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្នៅ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​។

Loading...

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-3178 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អ្នក​រួម​ដំណើរ​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ​បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្តង​បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​រង​របួសស្រាល​។

ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត រួច​មក គេ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​សម្រួល​ចរាចរណ៍ និង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​។ ចំណែក​រថយន្ត សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ម្ចាស់ ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​ឡើង​យក​ទៅ​ជួសជុល និង​យក​រថយន្ត​មក​ផ្ទេរ​ស្រា​បៀរ ដឹក​ទៅ​ដេប៉ូ​ផ្សារ​ជី​ភូ​ក្រុង​បា​វិត​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន