ខេត្តសៀមរាប​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត​២០១៩

201

ខេត្តសៀមរាប ៖ ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ខេត្តសៀមរាប​នឹង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ឆ្នាំ​២០១៩ រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤.១៥.១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​តំបន់​សួនច្បារ​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប​ខាង​មុខ​នេះ​។ ព្រឹត្តិការណ៍​នេះ​ជា​ព្រឹត្តិការណ៍​មួយទៀត​បន្ត​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​រឹត​នូវ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង​ប្រជាជាតិ​លើ​សកលលោក។

Loading...

ម្យ៉ាងទៀត​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​ធ្វើការ​ស្វែង​យល់ អំពី​ភាព​រុងរឿង និង​ល្បីល្បាញ ភាព​ដ៏​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា នា​សម័យ​មហានគរ មក​ដល់​បច្ចុប្បន្ន និង​បាន​បន្ត​ថែរក្សា​កេរ​មរតក​ឲ្យ​បាន​គង់វង្ស និង បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក អន្តរជាតិ​ផង​ដែរ​។

ព្រឹត្តិការណ៍​នេះ​ក៏​មានការ​រៀបចំ​ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់ និង រៀបចំ​តាំង​បង្ហាញ​អំពី ការ​ត្បាញ​ក្រមា និង​ផលិតផល​ស្នាដៃ​ស្ត្រី​ខ្មែរ ដែល​កើត​ចេញពី​កម្លាំង​ប្រាជ្ញា​របស់​បងប្អូន​ស្ត្រី​ខ្មែរ​យើង​។

ក្រៅពី​តំបន់​ទាំងនេះ បងប្អូន​អាច​ចូលរួម​លេង​កម្សាន្ត​សប្បាយ និង​ទស្សនា​នូវ​ការ​សម្តែង​ផ្ទាំង​ទស្សនី​ភាព សិល្បៈ​របាំ​បុរាណ​ខ្មែរ និង​ល្បែង​ប្រជាប្រិយ​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ ក៏​មានការ​សាងសង់​លំនៅ​ដ្ឋា​ន តាម​បែប​ពី​បុរាណកាល ដើម្បី​បង្ហាញ​ពី​វប្បធម៌ អ​រី​យ​ធម៌​របស់​ប្រជាជន​ខ្មែរ​នា​សម័យ​អង្គរ​។

ម្យ៉ាងទៀត ខេត្ត​ក៏​បាន​រៀបចំ​សោភ័ណ​ភាព​ក្នុង​ក្រុង ដើម្បី​ធ្វើការ​ទាក់ទាញ​នូវ​អារម្មណ៍​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឱ្យ​ចូល​មក​ទស្សនា​កម្សាន្ត​នូវ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប ដែល​មាននៅ​ក្នុង​ខេត្តសៀមរាប ជា​ច្រើន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​នេះ​មាន​ភាព​អធិក​អ​ធ័​ម ហើយ​សូម​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ថែរក្សា​បរិស្ថាន សណ្តាប់ធ្នាប់ នៅ​ជុំវិញ​ទីកន្លែង ប្រារព្ធ​ពិធី​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រៀបចំ​តុបតែង​ផ្ទះ ដោយ​ដាក់​ទង់ជាតិ នៅ​តាម​បណ្តា​ផ្ទះ​រៀង​ៗ​ខ្លួន​។ ទន្ទឹម​នឹង​នេះ ដើម្បី​ចៀសវាង​បញ្ហា​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​នោះ សូម​បងប្អូន​ពិនិត្យ​ភ្លើង​ធូប ទៀន ឬ​បិទ​អគ្គិសនី​ឱ្យ​អស់​មុន​ចេញពីផ្ទះ​ទៅ​កម្សាន្ត​នៅ​តំបន់​នានា​៕ ដោយ ៖ ច័ន្ទ រស្មី