បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់ បាន​ដេក​ស្លាប់​សង្ស័យ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ

108

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ម្នាក់​បាន​ដេក​ស្លាប់ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៩ មេ​សា​នេះ នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ អាច​បណ្ដាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ​របស់​ជនបរទេស​រូប​នេះ​។

Loading...

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ DON ADWARD ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង ដែល​កាន់​លិខិតឆ្លងដែន​លេខ 572996036 តែ​បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​ភរិយា ដែល​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ ផា​ន់ សារាយ អាយុ​៦៦​ឆ្នាំ នៅ​ចំណុច​កើតហេតុ​ខាងលើ​។

ជុំវិញ​ការ​ស្លាប់​នេះ បើ​តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ ដែល​សមត្ថកិច្ច​បាន​សាកសួរ​ជាបឋម គឺ​ជន​រង​គ្រោះ ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​រូប​នេះ​មាន​ជំងឺ​ប្រចាំ​កាយ​ដ៏​រ៉ាំរ៉ៃ​ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្រងនោម​ផង​។ ជាមួយនឹង​ការ​ស្លាប់​របស់​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ខាងលើ​នេះ មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដើម្បី​ពិនិត្យ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ការ​ពិនិត្យ​បាន​ធ្វើ​ឡើង​តាម​បច្ចេកទេស​យ៉ាង​ហ្មត់ចត់​។ ក្រោយ​ពី​ពិនិត្យ និង​ការ​បំភ្លឺ​យ៉ាង​ជាក់លាក់ ពី​ក្រុម​គ្រួសារ គឺ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ពិតប្រាកដ​មែន​។ ទោះ​យ៉ាង​សមត្ថកិច្ច​បាន​ធ្វើ កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ចាត់ចែង​តាម​ប្រពៃណី​ហើយ​ក្រោយ​បញ្ចប់​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕ ដោយ ៖ ឆោម ពិសម័យ