ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា រឿង​លោក​អាចារ្យ​លក់​ដើម​ច័ន្ទ​គី​រី​០៣​ដើម

208

ខេត្តស្វាយរៀង ៖ ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ព្រៃអង្គ​លើកគ្នា​តវ៉ា​រឿង​លោកតា​អាចារ្យ​លក់​ដើម​ច័ន្ទ​គី​រី (​ហៅ​ដើម​អំពិល​បារាំង​) ចំនួន​០៣​ដើម ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​ដឹក​ទៅ​ប្រទេស​វៀតណាម ដែល​ប្រជា​ពុទ្ធបរិស័ទ​តវ៉ា​ថា​មិន​គួរ​លក់​ដើមឈើ​ក្នុង​វត្ត​ទេ​ទុក​គ្រាន់​ជ្រក​ពីព្រោះ​ទីធ្លា​ក្នុង​វត្ត​ត្រូវការ​មាន​ដើមឈើ ហើយ​ដើម​ច័ន្ទ​គី​រី​០៣​ដើម​នេះ មាន​អាយុ​ជិត​១០០​ឆ្នាំ​ហើយ មាន​ទំហំ​មុខកាត់​៨​តឹក​ទៅ​១​ម៉ែត្រ មាន​មែក​សាខា ជា​ម្លប់​ជ្រក​ពេល​មានបុណ្យ​ទាន​ម្តង​ៗ​។

Loading...

ក្រោយ​ពី​មានការ​តវ៉ា​សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​ស្វាយ​ទាប​ក៏​បាន​ចុះ​ទៅ​ឃាត់​ក្រុម​ឈ្មួញ​វៀតណាម​០៣​នាក់​រួម​ទាំង​រណា​យន្ត​០១​គ្រឿង​ម៉ូតូ​២​គ្រឿង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ មេ​សា ២០១៩​នេះ នៅ​វត្ត​ព្រៃអង្គ ស្ថិត​នៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។ បើ​តាម​លោក​អនុសេនីយ៍ឯក ជិន ឌឿ​ន មេបញ្ជាការ​រង កងរាជអាវុធហត្ថ ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​០៣​នាក់ រួម​ទាំង​វត្ថុ​តាង​រួម​មា​នរណា​យន្ត​១​គ្រឿង និង​ម៉ូតូ​២​គ្រឿង​។

១-​ឈ្មោះ យ៉ ង្វ​ង់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡុ​ង​ភី ឃុំ​ឡុ​ង​ភី ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។ ២-​ឈ្មោះ យ៉ ថុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ឡុ​ង​ភី ឃុំ​ឡុ​ង​ភី ស្រុក​បេន​កូវ និង​ទី​៣-​ឈ្មោះ ថាំ អា​ញ់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡុ​ង​ភី ឃុំ​ឡុ​ង​ភី ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។ ពួក​គេ​ទាំង​០៣​នាក់ មក​ទិញ​ដើម​ច័ន្ទ​គី​រី នេះ​តាម​រយៈ​ឈ្មោះ ហ្វិ​ច ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​យក​ទៅ​ធ្វើ​គ្រឿង​សង្ហា​រឹម​នៅ​ប្រទេស​វៀតណាម​។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក សឺ​ន សុធី អាយុ​៦៥​ឆ្នាំ ជា​អាចារ្យវត្ត​ព្រៃអង្គ បាន​មាន​ប្រសាសន៍​ថា ការ​លក់​ដើម​ច​ន្ទ័​គី​រី​នេះ​គឺ​មាន ការ​ព្រមព្រៀង​គ្នា ជាមួយ​គណៈកម្មការ​អាចារ្យវត្ត​ព្រៃអង្គ និង​មានការ​យល់ព្រម​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត ផង​ដែរ ដោយ​គណៈកម្មការ​សាងសង់​ចេ​តី​យ​រួម​ខ្វះ​បច្ច័យ កសាង​ចេ​តី​យ​រួម​អស់ប្រាក់​ចំនួន ១៣,៥០០​ដុល្លារ ហើយ​លក់​ដើម​ច​ន្ទ័​គី​រី​០៣​ដើម​បាន​ប្រាក់​ចំនួន​៥២០​ដុល្លារ យក​ទៅ​សង​ឲ្យ​ជាង​អស់ហើយ​។

លោកតា​អាចារ្យ​បន្ត​ទៀត​ថា ឈ្មួញ​មក​ទិញ​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មេ​សា ២០១៩ ហើយ​បាន​អា​រំលំ​រួច​លើកដាក់​លើ​រ៉ឺ​ម៉ក​ត្រាក់ទ័រ​០២​គ្រឿង ដឹក​ចេញ​២​ដើម​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ហើយ​ខណៈ​កំពុង​កាត់​រំលំ​មួយ​ដើម​ទៀត ក៏​ត្រូវ​ប្រជាពលរដ្ឋ​មក​ឃើញ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។ ដូច្នេះ​វៀតណាម​បាន​ដឹក​ចេញ​ទៅ​បាត់ ២​ដើម​នៅ​សល់​តែ​មួយ​ដើម​ទេ​មិន​ទាន់​ដឹក​ចេញ​ហើយ​ការ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​គឺ​ចេញ​តាម​ប៉ុ​ស្ត៍​ច្រករបៀង​ធ្លក​ស្ថិត​នៅ​ភូមិ​ធ្លក​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​។ ទាក់ទិន​ករណី​នេះ​ដែរ​លោក​វរៈសេនីយ៍ត្រី ធា នាយ​ប៉ុ​ស្ត៍​វរៈ​ការពារ​ព្រំដែន​ធ្លក​បាន​បំភ្លឺ​តាម​ទូរ​សព្ទ័​ថា ៖

លោក​មិន​បានដឹង​ទេ​បញ្ហា​ឈ្មួញ​ដឹក​ដើម​ច​ន្ទ័​គី​រី ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ​ទេ​បើ​តាម​ច្រករបៀង​ធ្លក​លោក​បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​ចាក់សោ​បិទ​ច្រក​មិន​ឲ្យ​ដឹក​ចេញ​ទេ លោក​សង្ស័យ​ថា ក្រុម​ឈ្មួញ​អាច​ដឹក​ចេញ​តាម​វាលស្រែ​ដោយ​រដូវប្រាំង​នេះ មាន​វាលស្រែ​តាម​បន្ទាត់​ព្រំដែន​ធំ​មិន​អាច​គ្រប់គ្រង​បាន ឬ​ក៏​អាច​ដឹក​ចេញ​នៅ​ពេល​យប់​លោក និង​បញ្ជា​ឲ្យ​មន្ត្រី​ប្រចាំការ​ប៉ុស្តិ៍​ចុះ​ល្បាត​មើល និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​បទល្មើស​។ ទោស​បី​យ៉ាងណា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​០៣​នាក់ ហើយ​គួរតែ​បាន​ចម្លើយ​ការ​ពិត​យ៉ាងណា​នោះ​ជាក់​ជា​មិន​ខាន​ហើយ​សូម​ឲ្យ​ដាក់ទោស​ដល់​ជនល្មើស​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន