បុរស​ដែល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​នៅ​ផ្សារ​កណ្តាល ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន

201

រាជធានី​ភ្នំពេញ ៖ ទីបំផុត​បុរស​ដែល​បាន​បង្ក​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​អុកគូទ​នៅ​នឹង​ថ្នល់ កាលពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​នោះ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រើ​វិធានការ​ត្រជាក់​ឃាត់ខ្លួន​ហើយ​។

Loading...

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​រថយន្ត​របស់​ជន​បង្ក​ដឹង​ថា ជា​រថយន្ត​របស់​ក្រុមហ៊ុន​មួយ លោក​ក៏​បាន​ស្នើ​ទៅ​ក្រុមហ៊ុន​នោះ​ឲ្យ​ចេញ​មុខ​មក​ទទួលខុស ត្រូវ​ចំពោះ​មុខ​ច្បាប់​។ ជាក់ស្តែង​មុន​នេះ​បន្តិច ក្រុមហ៊ុន​បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ ដោយ​នាំ​យក​ជនសង្ស័យ ទៅ​ប្រគល់​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្តង​។

បុរស​ដែល​ជា​ជនសង្ស័យ​នោះ​ឈ្មោះ ឡោ ប៊ុ​ន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន កំពុង​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់