រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ

98

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​ដាក់​សំរាម​តាម​ផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ខណៈ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ ការ​ប្រមូល​សំរាម​របស់ ក្រុមហ៊ុន​ឯកជន​មានការ​ខកខាន​។

Loading...

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣​ខាង​មុខ​នេះ កម្មករ​-​កម្មការិនី របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ត្រូវ​បាន​ឈប់​សម្រាក និង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ​។ ដូច្នេះ ក្នុងអំឡុងពេល​ការ​ឈប់​សម្រាក​នេះ ការ​ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធានី ភ្នំពេញ​នឹង​ត្រូវ​បាន​អនុវត្ត​មិន​បាន​ពេញលេញ​ទេ នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សុំ​ការ​យោគយល់ និង​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ ជា​ម្ចាស់​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ចូលរួម​រក្សា​ការ​ទុកដាក់​សំរាម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ក្នុង​ទីតាំង​រៀង​ៗ​ខ្លួន ជា​បណ្តោះអាសន្ន ក្នុង​ពេល​ដែល​ខកខាន​នេះ ដើម្បី​ចូលរួម​ចំណែក​ថែរក្សា អនាម័យ​បរិស្ថាន រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ