ក្មេង​ទំនើង​២​ក្រុម​ច្បាំង​គ្នា​របួស​៥ ចាប់ខ្លួន​បាន​ម្នាក់

224

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក្រុម​ក្មេង​អន្ធពាល ចំនួន​៥​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​ច្បាំង​ចាញ់​ភាគី​ម្ខាង​ទៀត​ដែល​កម្លាំង ប្រហាក់ប្រហែល​គ្នា តែ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន ភាគី​ដែល​ឈ្នះ​បាន​ម្នាក់ នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ មេ​សា ២០១៩ នៅ​ចំណុច​រោង​កាត់សក់​មួយ​កន្លែង ដែល​ស្ថិត​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។ ប្រភព​បាន​បន្ត​ថា ភាគី​ដែល​ឈ្នះ​មាន​បក្ខ​ប្រមាណ​ពី​៦​នាក់​ទៅ​៧​នាក់ ប្រហាក់ប្រហែល​នឹង​ភាគី​ដែល​ចាញ់​ដែរ​។

Loading...

ប៉ុន្តែ​ក្រោយ​កើតហេតុ កម្លាំង​អធិការ​ស្រុក​ប​វេ​ល បាន​ធ្វើការ​ស្រាវ​ឃាត់​ភាគី​ដែល​ច្បាំង​ឈ្នះ​បាន​ម្នាក់​ឈ្មោះ យ៉ុ​ន កែវ អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​, ឃុំ​កើតហេតុ ខណៈ​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​កំពុង​រត់ចោលស្រុក​។ ដោយឡែក​អ្នក​របួស​ចំនួន​៥​នាក់ ដោយសារ​គួ​សត្រូវ​កាប់​គ្មាន​ប្រណី​នោះ​រួម​មាន​៖ ១-​ឈ្មោះ​ម៉ា​ប់ ទុំ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​ជើង​ខាងឆ្វេង​ធ្ងន់ ២-​ឈ្មោះ សំ កឿ​ន ហៅ​ត្រា អាយុ​២៦​ឆ្នាំ នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល របួស​ជង្គង់​ខាងឆ្វេង​ធ្ងន់ ៣-​ឈ្មោះ​ព្រឹ​ត វី​រៈ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​ត្រចៀក​ខាងឆ្វេង​ស្រាល ៤-​ឈ្មោះ ព្រឹ​ត ណា​រិ​ន អាយុ​២១​ឆ្នាំ នៅ​ភួ​មិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​កំភួនជើង​ខាងឆ្វេង​ស្រាល និង​៥,​ឈ្មោះ ឆ​ន ផា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​ស្មា​ខាងឆ្វេង​ស្រាល​។

ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆ​ន ជា នេះ​រង​គ្រោះ​ដោយសារ​គាត់​ស្ទុះ​ទៅ​ជួយ​កូន ទើបត្រូវ​ក្រុម​ជន​ដៃដល់​កាប់​ត្រូវ​ទាំង​ម្ដាយ​ទាំង​កូន​តែ​ម្ដង​ទៅ​។ ជុំវិញ​ករណី​ហិង្សា​ដ៏​ឃោរឃៅ​ដែល​បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​នេះ បើ​តាម​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​យ៉ាងតិច​ចំនួន​៧​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ និង​ដំបង​បាន​លើកគ្នា​ជិះ​ម៉ូតូ​ទៅ​កាន់ និង​វាយ​ក្រុម​ម្ខាង​ទៀត​ខណៈ​ដែល​កំពុង អង្គុយ​ជជែក​គ្នា នៅ​ក្នុង​រោង​កាត់សក់​មួយ​កន្លែង​នៅ​ចំណុច​កើតហេតុ​។

ហើយ​បើ​តាម​ការ​សាកសួរ ព័ត៌មាន​បឋម​ដែល​កម្លាំង​ជំនាញ​ទទួល​បាន ក្រុម​ក្មេង​ទាំង​២​ក្រុម​នេះ​ទំនង​ធ្លាប់​ប៉ះ​ទ​ង្កិ​ច​គ្នា​កន្លង​មក ទើប​ក្រុម​ម្ខាង​តាម​ឆ្មក់​ទៅ​កាប់​ទាំង​កំរោល​តែ​ម្ដង​។ ទោះ​យ៉ាងណា​លោកស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​អធិការ​ស្រុក​ប​វេ​ល​បាន​តាម​ឃាត់ខ្លួន​ក្រុម​ដៃដល់​បាន​ម្នាក់​ហើយ ហើយ​ក៏​កំពុង​តាម​ស្រាវជ្រាវ ចាប់ខ្លួន​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​រត់ចោលស្រុក​ដែរ ព្រោះ​មន្ត្រី​ជំនាញ​បាន​ស្គាល់​សាវតា ពួក​គេ​បាន​ខ្លះ​ៗ​ហើយ​៕ ដោយ ៖ ឆោម ពិសម័យ