ជនជាតិ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​លួច​ម៉ូតូ

122

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​បណ្តឹង​ពី​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​កម្លាំង​នគរបាល ការិយាល័យ​ស៊ើបអង្កេត អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​ចាប់​ជនជាតិ​ចិ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ពី​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បើក​គេច​រហូត​ដល់​ស្រុក​ស្វាយចេក ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​ក្រោយ​ជនជាតិ​ចិន​រូប​នោះ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​បាន​សម្រេច​ហើយ​នោះ​។

Loading...

ការ​ចាប់​ឃាត់ខ្លួន​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​-​អនុវត្ត​នីតិវិធី បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ទោ វ៉ា​ន់ ទ្រី នាយការិយាល័យ​ស៊ើបអង្កេត​-​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​ឱ្យ​ដឹង​ថា​៖ ជនសង្ស័យ​ជនជាតិ​ចិន នេះ​មានឈ្មោះ ចាវ ឈឹង​ចិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន ទើប​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ១​រូប​ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម និង​មានការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ មាស ច័ន្ទ​ពិសិដ្ឋ​។ លោកនាយ​ការិយាល័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ជនជាតិ​ចិន​រូប​នោះ​សមត្ថកិច្ច​បាន​ធ្វើការ ត្រួតពិនិត្យ​គឺ​គ្មាន​លិខិតឆ្លងដែន​នោះ​ទេ មាន​តែ​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​តែ​ប៉ុណ្ណោះ​។ រូបគេ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​២​ខែ​មក​ហើយ និង​ទើប​មក​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រក​ការងារ​ធ្វើ​។

លុះ​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ជនជាតិ​រូប​នោះ​បាន​ដើរ​លេង ហើយ​ឃើញ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​មាន​សោ​ជាប់​នឹង​ម៉ូតូ​នៅ​មុខ​ផ្ទះ ដែល​មាន ម្ចាស់​ម៉ូតូ​ឈ្មោះ ទេព លី​ន​ដា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក៏​លួច​ជិះ​ចេញ​ទៅ​តែ​ម្តង​។ ក្រោយ​ពី​បាត់​ម៉ូតូ​ម្ចាស់​ម៉ូតូ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​។

នាយការិយាល័យ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖ ជនសង្ស័យ​ជនជាតិ​ចិន​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ក្រោយ​ពី​កម្លាំង​នគរបាល ការិយាល័យ​ជំនាញ សួរនាំ​រួច​ហើយ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​ម៉ូតូ​នា​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​យក​ទៅ​ប្រើប្រាស់​វិញ​នោះ​ហើយ​៕ ដោយ ៖ ណុ​ប រក្សា