អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់ ស្ថានីយ​ប្រតិកម្ម​ទឹក​ស្អាត​នៅ​តំបន់​ជើងឯក

109

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​អង្គការ​ចៃ​កាប្រទេស​ជប៉ុន មាន​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​តំបន់​ជើងឯក ដែល​ជា​តំបន់​ភាគ​ខាងត្បូង នៃ​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ទឹក​កង្វក់​ចេញពី​ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោងការ​នេះ​ត្រូវ​បាន​លើក​ឡើង ក្នុង​កិច្ចប្រជុំ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ រវាង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​តំណាង​ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ​ជប៉ុន JICA ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០១៩ ស្ថិត​ក្នុង​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

Loading...

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​ជួប​ពិភាក្សា​ការងារ​រវាង លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICA​នោះ បាន​ពិភាក្សា​អំពី​បញ្ហា​ដី​សម្រាប់​ការ​រត់​បណ្ដាញ​ខ្សែ​លូ របស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អុយ​សម្រាប់ «​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​លូ បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​» ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វក់​ទឹក នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច សាងសង់​ស្ថា​នី​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ ស្ថិត​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ដោយ​បាន​កំណត់​យក តំបន់​ជើងឯក​សម្រាប់​សាងសង់​ស្ថានីយ​ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​តាម រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICA​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​ឯកភាព​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​ចុះ​បោះបង្គោល​ព្រំ និង​កាយ​អាចម៍ដី ដែល​ចាក់​រំលោភ​ប្រឡាយ យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយ ដើម្បី​ទុក​ឲ្យ​អង្គការ​ចៃ​កា​ទៅ​តាម​តម្រូវការ​របស់​អង្គការ​នេះ​។ សូម​បញ្ជាក់​ថា គម្រោង​សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹក​ស្អាត​នេះ​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹកប្រាក់ ប្រមាណ​២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ