ទិស​ដៅ​៥​ចំណុច​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៩

50

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ មនុស្ស​ខេត្តសៀមរាប (​គ​ខ​ប​ជ​) បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​ជាតិ​ស្តី​ពី ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​)​។

Loading...

ថ្លែង​ក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ របាយការណ៍ គជ​ប​ជ ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ គជ​ប​ជ បាន​ដាក់​ចេញ​វិធានការ​សំខាន់​ៗ ចំនួន​៥​ចំណុច ដើម្បី​ឲ្យ​មន្ដ្រី​អ្នក​អនុវត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ បន្ថែម​ទៀត​។ វិធានការ​សំខាន់​ៗ ដែល​សម្ដេច​ក្រឡាហោម ស ខេ​ង ដាក់​ចេញ​នូវ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ គោលការណ៍​ជាតិ ស្ដី​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ដ ឆ្នាំ​២០១៩ រួម​មាន​៖

ទី​១-​បន្ដ​យកចិត្តទុកដាក់​ទប់ស្កាត់​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ក្នុង​ន័យ​នេះ ឲ្យ​បង្កើន​អប់រំ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក វិទ្យុ ទូរទស្សន៍ និង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ក៏​ដូច​ជា​ការ​បិទ​ផ្សាយ​សារ ការ​សម្តែង​សិល្បៈ ភាពយន្ត​ខ្នាត​ខ្លី និង​ការ​ចែក​ខិតប័ណ្ណ ក៏​ត្រូវ​បាន​ធ្វើ​ជា​ញឹកញាប់​ទៅ​ដល់​ជន​ងាយ​រង​គ្រោះ​។ ទី​២-​បន្ដ​ការ​ខិតខំ​ដើម្បី​បង្ក្រាប​បទល្មើស​ជួញដូរ មនុស្ស ចំណុច​នេះ​សម្ដេច​បាន​បង្ហើប​ថា បញ្ហា​គន្លឹះ​គឺ​ការ​រក​ឲ្យ​ឃើញ​នូវ​មេខ្លោង​នៃ​ការ​ជួញដូរ​មនុស្ស​។ សម្ដេច​ជឿ​ថា បញ្ហា​នេះ​ពិតជា​មានការ​ឃុបឃិត​ពី​មេខ្លោង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស ប៉ុន្ដែ​ទោះបីជា​យ៉ាងណា ការ​ទទួល​បាន​ព័ត៌មាន​ពិត​អំពី​ការ​ជួញដូរ​មនុស្ស​នេះ​ជា​រឿង​សំខាន់​ណាស់ ដើម្បី​ឈាន​ទៅ​បង្ក្រាប​មាន​ប្រសិទ្ធភាព ហើយ​ដើម្បី​ឈាន​ទៅ​លើក​វិធានការ​សហប្រតិបត្តិការ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ពិសេស​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដែល​ខេត្តបន្ទាយមានជ័យ និង​បាត់ដំបង​ជា​គោលដៅ​សំខាន់​។

ទី​៣-​បន្ដ​ការ​បើក​សវនាការ​កាត់ទោស ផ្ដន្ទាទោស ដល់​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស ដែល​នៅ​សេសសល់​ដើម្បី​បង្ហាញ​មតិ​ជាតិ និង​អន្ដរជាតិ​មើលឃើញ​ថា កម្ពុជា​មាន​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការងារ​ជួញដូរ​មនុស្ស​។ ទី​៤-​បន្ដ​យកចិត្តទុកដាក់ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ដែល​ត្រូវ​រៀបចំ​កន្លែង​សំចត​មួយ​បណ្ដោះអាសន្ន​ដល់​ជន​រង​គ្រោះ មុន​បញ្ជូន ទៅ​លំនៅ​ឋាន ហើយ​កន្លែង​នេះ​ក៏​ជា​កន្លែង​មួយ​ដែល​សម្រាប់​ស្រាវជ្រាវ និង​សួរនាំ​ដល់​ជន​រង​គ្រោះ ដើម្បី​ស្រាវជ្រាវ​រក​មេខ្លោង​ផង​ដែរ​។ ទី​៥-​បន្ដ​ខិតខំ​ដើម្បី​ស្វែងរក​ការ​គាំទ្រ និង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ចំណុច​នេះ​សម្ដេច​បញ្ជាក់​ថា ការងារ​នេះ​បើ​ពឹងផ្អែក​ទៅ​លើ​សមត្ថកិច្ច​ណាមួយ​មិន​គ្រប់គ្រាន់​នោះ​ទេ ពោល​ទាល់តែ​មានការ សហការ​រវាង​សមត្ថកិច្ច និង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច និង​ពលរដ្ឋ ព្រមទាំង​ជន​ទាំងឡាយ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ជួញដូរ​។

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​អំពាវនាវ​ដល់​សមាជិក​ទាំងអស់ ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ មន្ទីរ​ជំនាញ​នានា​ក្នុង​រដ្ឋបាល​ខេត្ត ដែល​ជា​ខ្សែបណ្ដោយ​របស់​ក្រសួង ដៃគូ​ប្រជាពលរដ្ឋ សមត្ថកិច្ច​អនុវត្ត​ច្បាប់​បន្ដ​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​ទទួល​បាន​ជោគជ័យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ក្រឡាហោម​បាន​ផ្តល់​ជូន​នូវ​ប័ណ្ណសរសើរ​ជូន​ដល់​ក្រសួង ស្ថាប័ន ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ទាំង​៦ និង​បាន​ផ្តល់​ប័ណ្ណសរសើរ និង​ថវិកា​លើកទឹកចិត្ត​ដល់​គណៈកម្មាធិការ​រាជធានី​-​ខេត្ត រួម​មាន​ខេត្ត​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ មាន​ចំនួន​៥​ខេត្ត (​មាន​ខេត្តសៀមរាប បាត់ដំបង ព្រះ​វិហារ ក្រចេះ និង​ខេត្តស្វាយរៀង​) ខេត្ត​ទទួល​មានបាន​ចំណាត់ថ្នាក់​ល្អ​បង្គួរ មាន​ចំនួន​១៦​ខេត្ត និង​ខេត្ត​ទទួល បាន​ចំណាត់ថ្នាក់​មធ្យម មាន​ចំនួន​៤​ខេត្ត​៕ ដោយ ៖ ច័ន្ទ រស្មី