ឆក់​ទូរស័ព្ទ​គេ​មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន

95

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​នគរបាល ចាត់ការ​តាម​ច្បាប់​បន្ទាប់​ពី​ធ្វើ​សកម្ម​ឆក់​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន ជ្រុល​ទៅ​បុក រថយន្ត​មួយ​គ្រឿង ដែល​ឈប់​ចត​ស្ងៀម​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

Loading...

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ជី​ម សុខ ហៅ​រតនា អាយុ​២៣​ឆ្នាំ មាន​លំនៅ​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ និង​២. ឈ្មោះ ធុន ថុ​ល អាយុ​៣០​ឆ្នាំ មាន​លំនៅ​ផ្ទះ​ជួល​ភូមិ​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។ ជន​ទាំង​២​ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១o-៤០៦៣​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​អ្នកដំណើរ ប្រុស​ស្រី​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា នៅ​ខាង​មុខ​ផ្សារ​ម៉ា​ក្រូ តែ​មិន​បាន​សម្រេច​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឆក់​មិន​បាន​សម្រេច​ម្ចាស់​បាន​ស្រែក​ចោរ​ៗ​ធ្វើ​ឲ្យ​ជនសង្ស័យ ភ័យ​ស្លន់ស្លោ​ជិះ​គេចខ្លួន​ចូល​ក្នុង​បុរី​ពិភព​ថ្មី​ក្បែរ​ផ្សារ​អ៊ី​អន​២ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​អ្នកដំណើរ​ដែល​ឈប់ ចត​ស្ងៀម បណ្តាល​ឲ្យ​ដួល​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន​វាយ​ទ្រម​ខ្លួន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច ទៅ​ដល់​ហើយ​ខ្លួន​ចាត់ការ​តាម​ច្បាប់​។ បន្ទាប់​ពី​ឆក់​ពុំ​បាន​សម្រេច ម្ចាស់​ទូរស័ព្ទ​ក៏​បាន​ទៅ​បាត់ ពុំ​បាន​ដាក់​ពាក្យបណ្តឹង​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា