ផ្ទះ​លក់​ចាប់ហួយ​មួយ​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​និង​របួសស្រាល​ក្មេង​ម្នាក់

104

ខេត្តសៀមរាប ៖ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​លក់​ចាប់ហួយ​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង ៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​របួសស្រាល​ក្មេង​ម្នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ផង​ដែរ​។ ហេតុការណ៍​ឆេះ​ផ្ទះ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

Loading...

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ មេ​សា​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ រឿ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈៀ​ត ស៊ី​យាំ អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ក្នុង​នោះ​ឈ្មោះ រ៉ាត់ រ៉ា​យុ​ត ភេទ​ប្រុស អាយុ​៧​ឆ្នាំ របួស​ជើង​ទាំង​ពីរ ស្រាល ត្រូវជា​កូនប្រុស​របស់​ជន​រង​គ្រោះ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា កូន នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​នោះ មាន​ប៉ុន្មាន​នាក់​នោះ​ទេ​។

លោក​បន្ត​ថា មូលហេតុ​បណ្តាល​មក​ពី​ប្រពន្ធ ឈ្មោះ ឈៀ​ត ស៊ី​យាំ បាន​ដាំបាយ​នឹង​ចង្ក្រាន​ហ្កា​ស ហើយ​កូន​ឈ្មោះ រ៉ាត់ រ៉ា​យុ​ត ភេទ​ប្រុស អាយុ​៧​ឆ្នាំ បាន​ជញ្ជូន​ដប​សាំង​ចេញពី​ក្នុងផ្ទះ​ដើម្បី​យក​ទៅ​ដាក់​លក់​នៅ​មុខ​ផ្ទះ ស្រាប់តែ​ធ្លាក់​ដប​សាំង​បែក ហើយ ហូរ​ទៅ​ដល់​ជិត​ច​ង្ក្រា​ន្ត​បាយ​ក៏​ឆាបឆេះ​ផ្ទះ​ភ្លាម​ៗ​តែ​ម្តង​។ លោក​បន្ថែម​ថា ខូចខាត​ឆេះ​អស់​ផ្ទះ​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ៦​ម៉ែត្រ​១​ខ្នង ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ ចាក់សាប​ក្រោម ឆេះ​អស់​ស្រូវ​២០​កា​រ៉ុ​ង និង​អីវ៉ាន់​ដែល​ទិញ​មក​ទុក​លក់​, ឆេះ​ប្រាក់​៥០០​ដុល្លារ​,​ឆេះ​ខ្សែដៃ​ផ្លា​ទី​ន ទម្ងន់​៣​ជី​, ឆេះ​អស់​ខ្សែ​ក​មាស​ទម្ងន់​៣​ជី​, ឆេះ​ប្លង់​ដី​ដែល​និស្សិត​ចែក​ឲ្យ និង​សៀវភៅ​គ្រួសារ​។

ក្នុង​ហេតុការណ៍ ពន្លត់​នោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​ប្រើប្រាស់​អស់​ទឹក ចំនួន​២​ឡាន​។ លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ គឺ​ខាង​លោក​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ភ្លាម ក៏​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ចុះ​ទៅ​ដល់​កន្លែង កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​៕ ដោយ ៖ ច័ន្ទ រស្មី