ដុត​កម្ទេច​ចោល​ប្រហិត​២​តោន នាំ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា

104

ខេត្តបន្ទាយមានជ័យ ៖ ប្រហិត​នាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន​២​តោន​មក​កម្ពុជា ដឹក​ផ្ទុក​តាម​រថយន្ត​សាំ​យ៉ុ​ង ១​គ្រឿង មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ដឹក​ជញ្ជូន មិន​អនុវត្ត​តាម​គោលការណ៍​ច្បាប់ ស្តី​ពី​សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​កាំកុងត្រូល​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​សុខភាព អ្នក​ទទួលទាន​។

Loading...

រថយន្ត​ដឹក​ផ្ទុក​ប្រហិត​នោះ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ បម្រុង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។ លោកនាយ​ការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​បាន​ឲ្យ​ដឹង​ថា​៖ អនុវត្ត​តាម​បទបញ្ជា របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​នីតិ​វី​ធី​តាម​គោលការណ៍​ច្បាប់​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​លោក មាស ច័ន្ទ​ពិសិដ្ឋ​។

កម្លាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-0048 នោះ​រក​ឃើញ​ដឹក​ផ្ទុក​ប្រហិត​មាន​ទម្ងន់​ចំនួន​២​តោន​។ តាម​ការ​សាកសួរ​អ្នកបើកបរ​រថយន្ត គឺ​គេ​ដឹក​ចេញពី​ច្រកព្រំដែន​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា​៖ ការ​បង្ក្រាប​នេះ​គឺជា​វិធានការ ដើម្បី​រឹត​បន្តឹង​ការពារ​ទប់ស្កាត់ និង​រក្សា​សុវត្ថិភាព គុណភាព នៃ​ការ​នាំ​ចូល​ផលិតផល​ម្ហូបអាហារ​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា គឺ​ត្រូវ​មានច្បាប់​អនុញ្ញាត ការ​ដឹក​ជញ្ជូន​គឺ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការ ដឹក​ជញ្ជូន​។

ប្រហិត​ប្រមាណ​២​តោន​នោះ​គឺ​មានការ​ដឹក​ផ្ទុក​ខុស​បច្ចេក ទេស​នៃ​ការ​ដឹក​ជញ្ជូន ដែល​វា​មិន​ប្រឈម​នឹង​ការ​ខូចគុណភាព តែ​ទំនិញ​នេះ ការ​ដឹក​ជញ្ជូន​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ចឹ​ង​វា​អាច​ខូចគុណភាព ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ម្យ៉ាងវិញទៀត​ការ​នាំ​ចូល​ប្រហិត​នេះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​ខុស​គោលការណ៍​ច្បាប់​។ ដោយ​ឈ្មួញ​បាន​យក​លិខិត​យោគយល់​អនុ​របស់ ជន​ពិការ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​អនុញ្ញាត​ឱ្យ​នាំ​ចូល​ប្រហិត​យក​មក​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​លិខិត​នោះ​ត្រូវ​បាន​ឈ្មួញ​យក​មក​ប្រើប្រាស់​ក្រោម​ស្លាក​ជន​ពិការ យក​ធ្វើ​ជីវ​កម្ម ដឹក​ជញ្ជូន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ទៅ​វិញ​។ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រាប់​ឱ្យ​ដឹង​ថា តាម​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​ពី​ទៅ​លើ​ប្រហិត​ខាងលើ គឺជា​ប្រភេទ​ប្រហិត​ដែល​មានការ​វេច ខ្ចប់​ត្រឹមត្រូវ​តាម​ស្តង់ដា​មានការ​បរិច្ឆេទ​មិន​ទាន់​ហួសកំណត់​នោះ​ទេ ប៉ុន្តែ​ការ​នាំ​ចូល​នោះ​វា​ខុស​នឹង​ការ​ដឹក​ជញ្ជូន​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។ ជា​គោលការណ៍​នាំ​ចូល​ប្រហិត ត្រូវ​មានការ​ក្លា​ស្សេ​ទឹកកក​នៅ​សីតុណ្ហភាព​ក្រោម​៤​អង្សារ បើសិនជា​ការ​នាំ​ចូល​មិន​សម​ស្រប​ប្រហិត​នោះ ប្រឈម​ខូចគុណភាព និង​វា​ងាយ​កើត​មាន​មេរោគ​ទ្វេ​ដង​។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បន្ទាយ​មាន​ជ័យ ប្រាប់​ទៀត​ថា ក្រោម​ការ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាយ​មាន​ជ័យ មាស ច័ន្ទ​ពិសិដ្ឋ ប្រហិត​ទាំងនោះ​ត្រូវ​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​។ ចំណែក​អ្នក​ដឹក​ជញ្ជូន​២​នាក់​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា និង​បញ្ឈប់​មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ប្រហិត ដោយ​ដឹក​ជញ្ជូន​ខុស​បច្ចេកទេស​សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ​ទៀត​នោះ​ឡើយ​៕ ដោយ ៖ ណុ​ប រក្សា