សមត្ថកិច្ច​ចុះ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន បាន​ចំនួន​៤​នាក់

108

ខេត្ត​រតនៈគីរី ៖ សមត្ថកិច្ច​នគរបាល​ស្រុក និង​ខេត្ត​សហ​ការណ៍​គ្នា​បង្ក្រាប​បាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​បន្តបន្ទាប់ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៣-២៤ មេ​សា ២០១៩ ចាប់​បាន​៤​នាក់ ដកហូត​បាន​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់ និង​កាំភ្លើង​ស្នប់​១​ដើម ដាវ​សាំ​ម៉ូ​រៃ​១​ដើម កាំបិត​២​ដើម​។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ថ្ងៃ​ទី​២៣ មេ​សា ២០១៩ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​បរ​កែវ ចាប់​បាន​ជន​ស​ង្ស​យ័​ម្នាក់​មានឈ្មោះ ហម សុ​ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​(​ខ្មែរ​) មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​មួយ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ​។

Loading...

ចាប់​បាន​ជន​ស​ង្ស​យ័​ខាងលើ​នៅ​ចម្ការ​របស់​អ្នក​ភូមិ ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ ដោយឡែក​សម្ភារ​ដកហូត​បាន​រួម​មាន​៖ ទី​១-​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​២​កញ្ចប់​តូច ទី​២-​កាំភ្លើង​ស្នប់​កែ​ច្នៃ​បាញ់​គ្រាប់កង់ មួយ​ដើម​។ ចាប់​លើក​ទី​២​នៅ​ថ្ងៃ​ទី​២៤ មេ​សា ២០១៩ វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​កាចា​ញ សហការ​ជាមួយ​អធិការដ្ឋាន​នគ​បាល​ក្រុង​បាន​លុង​ដើរ​ល្បាត​ពេល​យប់​ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ឈប់​ម៉ូតូ​តាម​ផ្លូវ​ស្ងាត់​ស្ថិត​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។ សមត្ថ​កិ​ច្វ​ហៅ​មក​កាន់​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ដងខ្លួន​ជុំវិញ​ចង្កេះ​បាន​ប្រទះ​ឃើញ​ដាវ​សាំ​ម៉ូ​រៃ​២​ដើម ដំបង​ឈើ​១​ដើម បំពង់​ទីប​១​ដើម​។

ក្រោយ​ពី​ឃាត់ខ្លួន​បាន​១​យប់​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​រួច​ដោះ​លែង​វិញ ហើយ​ដកហូត​វត្ថុ​តាង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​។ ចាប់​លើក​ទី​៣ ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាប់​បាន​មុខសញ្ញា​លក់​គ្រឿងញៀន​បាន​ម្នាក់​នៅ​ថ្ងៃ​ទី​២៤ មេ​សា វេលា​ម៉ោង​៦​ល្ងាច ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនី​ត្រី វ៉ា​ន់ សង្វាត ស្នងការ​រង​ផែនការ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​បង្ក្រាប​មុខសញ្ញា​ជក់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​ខេត្ត​បាន​ម្នាក់​មានឈ្មោះ នួន លី​ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​(​ខ្មែរ​) មានមុខ​របរ​លក់​គ្រឿងញៀន។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ ចាប់​នៅផ្ទះ​ជនសង្ស័យ​តែ​ម្ដង គឺ​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន​ចំនួន ១៧​កញ្ចប់ មាន​ទម្ងន់​៤២,៧៤​ក្រាម ថង់​ច្រកថ្នាំ​មួយ​ចំនួន​ធំ ទូរស័ព្ទ​ដៃ​១​គ្រឿង មូ​តូ​១​គ្រឿង​។ បច្ចុប្បន្ន​ឈ្មោះ ហម សុ​ផាត និង​ឈ្មោះ នួន លី​ស សមត្ថកិច្ច​បាន​កសាង​សំណុំរឿង តាម​នីតិ​វី​ធី​ជូន​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​វត្ថុ​តាង​ថ្នាំ​ញៀន​រក្សា​ទុក នៅ​ការិយាល័យ​គ្រឿងញៀន​៕ ដោយ ៖ ស៊ិ​ន បូ