ប្រជាពលរដ្ឋ​ឃុំ​ឆ្នុកទ្រូ​សប្បាយចិត្ត ដ្បិត​ទទួល​បាន​ព្រះរាជ​អំណោយ​អណ្តូងទឹក​ជាង​១០០​អណ្តូង

109

ខេត្តកំពង់ឆ្នាំង ៖ ក្រៅ​ពេល​ផ្លូវ​ដែល​ជា​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​នៅ​លើគោក បញ្ហា​ទឹក​ក៏​ជា​សារៈសំខាន់​ផង​ដែរ ដែល​មិន​អាច​ខ្វះ​បាន ព្រោះថា​មនុស្ស​រស់​ដោយសារ​ទឹក​។ ហេតុនេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បរិបូរណ៍ បាន​នាំ​យក​នូវ​សម្ភារ​សម្រាប់ កសាង​អណ្តូងទឹក ជាង​១០០​អណ្តូង ទៅ​ជីក និង​សាងសង់​អណ្ទូ​ង​ទឹក ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ សម្រាប់​សម្រួលការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​តាំងទី​លំនៅ​លើក​គោក​។ លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​និយាយ​ឲ្យ​ដឹង​ថា​៖

Loading...

ដោយ​ពិនិត្យ​ឃើញ​ការ​លំបាក និង​សេចក្តី​ត្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ពេល​ពួក​គាត់​បន្លាស់​ផ្ទះ​បណ្ដែត​ទឹក​ពី​ក្នុង​ទន្លេ​ឡើង​មក រស់នៅ​លើគោក សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង បាន​នាំ​យក​ព្រះរាជ​អំណោយ​របស់ ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​អណ្ដូង​លូ​ចំនួន​១០០​អណ្តូង និង​អណ្ដូងស្នប់​ចំនួន ៣​អណ្ដូង មក​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​។ អំណោយ​ដ៏​ថ្លៃថ្លា​ខាងលើ​នេះ​គឺ​បាន​បែងចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​សេះ​ស្លាប់​ទទួល​បាន​អណ្តូង​លូ​ចំនួន​២៩ អណ្ដូង ក្នុង​នោះ​អណ្តូង​លូ​ចំនួន​២៦ ដែល​បាន និង​កំពុង​កសាង​ជិត​រួចរាល់ ចំណែក​អណ្តូង​៣​ទៀត ជា​ប្រភេទ​អណ្តូងស្នប់​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់ព្រះ ទទួល​បាន​អណ្ដូង​លូ​ចំនួន ២៤​អណ្តូង ដែល​មក​ដល់​ពេល​នេះកសាង​បាន ១០​អណ្ដូង​រួច​ហើយ​។ ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ​នឹង​ទទួល​បាន​អណ្តូង​លូ​ចំនួន ៥០​ដែល​នឹង​ត្រូវ​កសាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សេះ​ស្លាប់ បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពេល​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ពី​ក្នុង​ទន្លេ​ឡើង​មក​រស់នៅ​លើគោក​វិញ​នោះ ពួក​គាត់​ពិតជា​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយ​កន្លង​មក​ពួក​គាត់​បាន​ដឹក​ទឹក​ពី​ទន្លេ ឬ​ទិញ​ទឹក​ពី​កន្លែង​នានា​មក​ប្រើប្រាស់​។

ចំពោះ​អំណោយ​អណ្តូង​ទាំងអស់​ខាងលើ​នេះ ពួក​គាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ដែល​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​ជួប​ការ​លំបាក ដោយ​ពួក​គាត់​សូម​គោរព​ជូនពរ​ដល់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ឱ្យ​មាន​ព្រះរាជ​សុខភាព និង​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​បញ្ញា​វាងវៃ ជួប​ប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់​ប្រការ ដើម្បី​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​រហូត​តទៅ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន