ឆ្នាំ​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង ត្រី​ស្លាប់​អស់​ជាង​២០​តោន​នៅ​ទន្លេ​ឆ្មា

128

ខេត្តកំពង់ធំ ៖ លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ មាន​ប្រសាសន៍​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ២០១៩​នេះ​ថា ដោយ​មានការ​ព្យាករណ៍ អំពី​អាកាសធាតុ​ឆ្នាំ​២០១៩​នេះ​មាន​កម្តៅ​កើនឡើង​ខ្លាំង មេឃ​ក្រ​ភ្លៀង​នោះ កន្លង​មក​នៅ​ពេល​ជួប នូវ​បញ្ហា​នេះ​តែងតែ​បណ្តាល​ឲ្យ​ត្រី​នៅ​ក្នុង​ទន្លេ​ឆ្មា​ស្លាប់​អស់​ជា​ច្រើន​តោន​។

Loading...

ហេតុ​ដូច្នេះ ដោយ​មានបទពិសោធន៍​កន្លង​មក នៅ​ឆ្នាំ​២០១៩​នេះ នៅ​ពេល​ដែល​ជួប​ប្រទះ​គ្រោះ​រាំ​ស្ងួត​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកទន្លេ​ឆ្មា​រាក់ បណ្តាល​ឲ្យ​ត្រី​ស្លាប់ និង​ដើម្បី​កាត់​បន្ថយ​ត្រី​ស្លាប់​នោះ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​រៀបចំ​អូស​ដើម​កំប្លោក​ដាក់​ពង្រាយ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ​ឆ្មា បាន​ប្រុងប្រៀប​ទប់ទល់​ទៅ​នឹង​អាកាសធាតុ​ក្តៅ​នេះ​។ លោកនាយ​ខណ្ឌ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ មេ​សា នេះ​មាន​ត្រី​ងាប់​អស់​ចំនួន​ជាង​២០​តោន តែ​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​មក​ដែល​យើង​មិន​បាន​ត្រៀម ដាក់​កំប្លោក​នោះ គឺ​មាន​ត្រី​ងាប់​រហូត​ដល់​ទៅ​៩០​តោន​ឯណោះ​។

ក្នុង​នោះ​ដែរ​ខណ្ឌ ក៏​បាន​ហាម​ពលរដ្ឋ មិន​ឲ្យ​នាំ​គ្នា​ចូល​ទៅ​ចាប់​ត្រី​ដែល​ងាប់​នោះ​ទេ ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​ត្រី​ពុល​ស្លាប់​រឹតតែ​ច្រើន​ថែម​ទៀត នៅ​ពេល​ដែល​ទឹកល្អក់​រឹតតែ​ខ្លាំង​។ លោក​បន្ត​ថា នេះ​មិនមែន​បាន​ន័យ​ថា​ត្រី​ឈប់​ងាប់​នោះ​ទេ អាច​នឹង​ងាប់​ទៀត ប្រសិនបើ​អាកាសធាតុ​នៅ​តែ​ក្តៅ​ខ្លាំង ហើយ​មិន​មាន​ភ្លៀង​ធ្លាក់​នោះ​៕ ដោយ ៖ ថុ​ក សុខា