ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន​២​នាក់ ដកហូត​បាន​១៦​កញ្ចប់

93

រាជធានី​ភ្នំពេញ ៖ ត្រឹម​រយៈពេល​តែ​ជិត​១​ម៉ោង​ប៉ុណ្ណោះ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ និង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ធ្វើការ​ចាប់ខ្លួន​បាន និង​ដកហូត​បានជា​បន្តបន្ទាប់ ក្នុង​ខណៈ​ពេល​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន និង​ការ​ស្រាវជ្រាវ​ដើម្បី​រុករក​មុខសញ្ញា ប្រព្រឹត្ត​ល្មើស​ផ្សេង​ៗ ហើយ​បាន​ជួប​ប្រទះ និង​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ជួញដូរ​គ្រឿងញៀន​ខាងលើ​។

Loading...

នគរបាល​បាន​និយាយ​ថា លើក​ទី​១​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ខណៈ​ដែល​កម្លាំង​ខាងលើ​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​គ្រប់​ប្រភេទ​មិន​ឲ្យ​កើត​មាន​នោះ ពេល​ទៅ​ដល់ តាម​ផ្លូវ​បេតុង ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​១២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាន​ជួប​ប្រទះ​ជនសង្ស័យ ម្នាក់​កំពុង​ស្ថិត​នៅ​ត្រង់​ទី​ងងឹត ហើយ​បន្ទាប់​ពី​មើលទៅ​គួរ​ឲ្យ​មានការ​សង្ស័យ​នោះ កម្លាំង​ក៏​បាន​ចូល​ទៅ ត្រួតពិនិត្យ​ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ជាប់​ខ្លួន​ទើប​ចាប់ខ្លួន​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ សន សុវណ្ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ក្រោយ​ចាប់ខ្លួន​ជន​នេះ​កម្លាំង​បាន​ដកហូត​មាន​ថ្នាំ​ញៀន​បាន​ចំនួន​កញ្ចប់​តូច ដែល​ជនសង្ស័យ​រូប​នេះ ដាក់​តាម​ខ្លួន ដើម្បី​លក់ដូរ​ចែកចាយ​ឲ្យ​ម៉ូយ​ដែល​បាន​ទៅ​ទិញ​ពី​រូបគេ​ដើម្បី​លក់​ចែកចាយ​បន្ត និង​ប្រើប្រាស់​ផង​ដែរ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា លុះ​ក្រោយមក​កម្លាំង​បាន​ទទួល​បាន​ព័ត៌មាន មួយ​ថា មាន​ស្ត្រី​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០១៩​ដដែល​នោះ កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​នោះ​ភ្លាម​ៗ​តែ​ម្ដង​។ នគរបាល​បាន​បន្ថែម​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ប៉ែន សុខ​ណា អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ខណៈនោះ​កម្លាំង​បាន​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ជាប់​ខ្លួន​ស្ត្រី​ដែល​ជា​មុខសញ្ញា​នេះ​ចំ​នួ​៨​កញ្ចប់​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា