គ​.​ជ​.​ប ចាប់ផ្តើម​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចាប់ពី​ថ្ងៃ​ទី​១​ដល់​២២​ខែឧសភា

40

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ​.​ជ​.​ប ចាប់ផ្តើម​ចុះ​ឈ្មោះ អ្នកបោះឆ្នោត​ថ្មី ចាប់ពី​ថ្ងៃនេះ​តទៅ ដើម្បី​ឲ្យ​បញ្ជី​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ មាន​ភាព​ពេញលេញ ត្រឹមត្រូវ បន្ទាប់​ពី​ប៉ាន់​ស្មាន់ថា មាន​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ថ្មី​ប្រមាណ​ជាង​៣៧​ម៉ឺន​នាក់​។ ពាក់ព័ន្ធ​ស្តី​ពី​ការ ចាប់ផ្តើម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ឃុំ​-​សង្កាត់ និង​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ឃុំ​-​សង្កាត់ និង​បញ្ជូន​ទិន្នន័យ មក គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​៣០ ខែមេសា​, លោក ហ៊ែ​ល សា​រ៉ាត់ សមាជិក គ​.​ជ​.​ប បាន​បញ្ជាក់​ថា៖

Loading...

ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ មាន​រយៈពេល​២២​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែឧសភា ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​លំនៅ ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី​។ លោក​បាន​បន្ត​ថា ក្នុង​ដំណាក់កាល​នេះ គ​.​ជ​.​ប ក៏​ធ្វើ​បច្ចុប្បន្នភាព បញ្ជី​បោះ​ឆ្នោត ដោយ​ធ្វើការ​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត​ដែល​បាន​ទទួលមរណភាព អ្នក​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​បោះ​ឆ្នោត​ជា​បណ្តោះអាសន្ន អ្នក​ដែល​បាន​ផ្លាស់​លំនៅ​ឋាន ឬ​ទី​សំណាក់​ចេញ​ទៅ​ឃុំ សង្កាត់​ផ្សេង​ដោយ​មាន​ឯកសារ​ជា​សម្អាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​។

ជាមួយ​គ្នា​នេះ ក៏​ធ្វើការ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែក​លើ​ឯកសារ​សម្អាង​ត្រឹមត្រូវ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ។ លោក​បាន​បញ្ជាក់​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​នេះ មាន​គោលដៅ​ធានា​ឲ្យ​បញ្ជី​បោះ​ឆ្នោត​មាន​ភាព​ពេញ ភាព​ត្រឹមត្រូវ​។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ត្រូវ​អនុវត្ត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​តាម​សាលាឃុំ សង្កាត់ លើកលែងតែ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា គឺ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត អាច​ចល័ត​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ សង្កាត់ ដោយ​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​សហការ​ជាមួយ​មេ​ភូមិ​ពាក់ព័ន្ធ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ ទទួល​បានការ​ចុះ​ឈ្មោះ​គ្រប់​គ្នា​។

សូម​បញ្ជាក់​ថា ដើម្បី​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ត្រូវ​បង្ហាញខ្លួន និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ចំពោះ​មុខ​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ណាមួយ​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។ ក្នុង​ករណី​មិន​មាន​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​នៅ​មាន​សុពលភាព អ្នក​សុំ​ចុះ​ឈ្មោះ ត្រូវ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ បោះ​ឆ្នោត ពី​មេឃុំ ចៅសង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​៕ ដោយ ៖ ស​.​សុខុម