ដាក់​កម្លាំង​ចាប់​អ្នក​ជិះ​ម៉ូតូ​អត់​មួក​កញ្ចក់ បែរជា​ចាប់​បាន​ជន​គ្រឿង​២​នាក់

121

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​១ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ជាប់​នឹង​ខ្លួន ខណៈ​ដែល​កម្លាំង​នគរបាល កំពុង​ដាក់​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ចាំ​ចាប់​អ្នក​ជិះ​ម៉ូតូ​ពុំ​មាន​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់​ត្រឹមត្រូវ នៅ​ចំណុច​ខ្លោងទ្វារវត្ត​សន្សំ​កុសល ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣ និង​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​។

Loading...

ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​៖ ១-​ឈ្មោះ សេង វ៉ា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ និង​ទី​២-​ឈ្មោះ ឈ​ន ស្រី​ម៉ុ​ច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ការ​ឃាត់ខ្លួន ពោល​គឺ​នៅ​វេលា​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុង​ដាក់​កម្លាំង​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរ​ជើង​គោក ដើម្បី​ចាំ​ចាប់​អ្នក​ជិះ​ម៉ូតូ ទាំងឡាយ​ណា​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចប់​ត្រឹមត្រូវ​។

អំឡុង​ពេល​កំពុង​អនុវត្ត​នោះ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-0593 ជិះ​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ ដោយសារ​ពួក​គេ មិន​មាន​ពាក់មួក​សុវត្ថិភាព​។ បន្ទាប់​ពី​ឃាត់​ហើយ​នោះ ពួក​គេ​ហាក់​មាន​សភាព​ភ័យ ស្លន់ស្លោ ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​សុំ​ធ្វើការ​ឆែក​ទៅ​ក្នុង​កែបម៉ូតូ​ជនសង្ស័យ​ទាំង​២​នាក់ ក៏​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ ក៏​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​មូលដ្ឋាន ដើម្បី​បន្ត​នីតិវិធី​។

ក្នុង​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​សរុប​១៣​កញ្ចប់ ក្នុង​នោះ​៣​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច​។ បច្ចុប្បន្ន ពួក​គេ​ទាំង​២​នាក់ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​១ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ខាង​មុខ​៕ ដោយ ៖ ម៉​ម លី​ហេង