ក្រុម​ចោរ​អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច ព្រោះ​លួច​ប៉ះ​ចំ​ម៉ូតូ​នគរបាល

108

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​មន្ត្រី នគរបាល​ម្នាក់​ដែល​ចត​ទុក​នៅ​ក្រោមផ្ទះ​បាន​សម្រេច​រួច​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​មិន​រួច​ឡើយ​ដោយសារ​តែ ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ព្រមទាំង​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​តាម​បណ្ដា​គោលដៅ​នានា​ជួយ​ពួនស្ទាក់​។ ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស​បាន​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​ម្នាក់ និង​ដកហូត​បាន​ម៉ូតូ​មក​វិញ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង កាល​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ កិ​ច ឈិ​ន​ចិន អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​តាម​ផ្លូវលំ​ភូមិ​ប្រាំបី​ឆោម ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ខណៈនោះ​នគរបាល​ដកហូត​បាន​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​ចំនួន​០២ ,​ដែក​តេ​T១,​ស្លាក​លេខ​ម៉ូតូ​ព្រៃវែង​1M-2366 ១​បន្ទះ​, ទូរ​សព្ទ័​០១​គ្រឿង​, ហើយ​មិនដឹង​ថា ជន​នេះ​គឺជា​អ្នកកាសែត​ពិតប្រាកដ ឬ​បែប​ណា​ឡើយ។

ប៉ុន្តែ​នៅ​ជាប់​ខ្លួន​មាន​លិខិត​បញ្ជា​បេស​កម្ម របស់​អង្គភាព​សា​ព័ត៌មាន​«​វិ​រៈ​ជ័យ​»០១​ច្បាប់​,​ប​ណ្ណ័​សម្គាល់​ខ្លួន​ចេញ​ដោយ​អង្គភាព​សារព័ត៌មាន​វី​រៈ​ជ័យ​១​សន្លឹក​,​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 1-2493 លេខ​តួ និង​លេខ​ម៉ាស៊ីន 5253420 ដែល​ជាក​ម្មិ​សិទ្ធិ​របស់​ជន​រង​គ្រោះ និង​សោ​សម្រាប់​ជួសជុល​ម៉ូតូ មួយ​ចំនួន​ទៀត​។ រីឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​គេចខ្លួន​រួច​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ណូ វី​រៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ត្រឡប់​មក​ពី​កន្លែង​ការពារ នៅ​រដ្ឋ​សភាជាតិ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មក​ដល់​ផ្ទះ​ស្ថិត​នៅ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​វិញ មន្ត្រី​នគរបាល​រូប​នោះ​បាន​ទុក​ម៉ូតូ នៅ​ក្បែរ​ជណ្តើរ​ខាង​មុខ​ផ្ទះ បន្ទាប់​មក​បាន​ឡើង​ទៅ​លើ​ផ្ទះ​ហូប​បាយ​រួច​ដេក នៅ​លើ​ផ្ទះ​តែ​ម្ដង​។ លុះដល់​វេលា​ម៉ោង​២ និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ទៅ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​បាន​សម្រេច​រួច​បាន​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​សំណាងអាក្រក់​ពេល​ជិះ​ចេញ បានឮ​ដល់​ម្ចាស់​រត់​ចេញ​ទៅ​មើលឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ និង​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​តាម​បណ្ដា​គោលដៅ​ប៉ុស្តិ៍​នានា​ជួយ​ពួនស្ទាក់​។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ កិ​ច ឈិ​ន​ចិន ហៅ ឈិ​ន ចិន បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ ចេញ​ទៅ​តាម​ផ្លូវលំ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រួច​បត់​ទៅ​តាម​ផ្លូវ​បេតុង​ទៅ​ទិស​ខាងត្បូង​វិញ ហើយ​បន្ទាប់​ពី​ទទួល​ដំណឹង ដែល​ជន​រង​គ្រោះ​ស្រែក​តាម​វិទ្យុទាក់ទង​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​តាម​បណ្ដា​ប៉ុស្តិ៍ និង​គោលដៅ​នានា​ចេញ​ធ្វើការ​ពួនស្ទាក់​គ្រប់កន្លែង​។

ក្រោយមក​ជនសង្ស័យ​បាន​ជិះរ​ត់ទៅ​តាម​ផ្លូវជាតិ​លេខ​២ ដល់​ត្រង់​ចំណុច​ជិត​ស្ពាន​បាក់ ក្បែរ​ប៉ុស្តិ៍​ទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ ស្ថិត​នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រៃ​កំពឹស ខណ្ឌដង្កោ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដ្ឋ​បាល​ព្រែក​កំពឹស ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ រួម​នឹង​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជើងឯក រង់ចាំ​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។ ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង រួចរាល់​ហើយ​ដែរ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​បក្ខពួក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​រួច​៕ ដោយ ៖ យន់ ស៊ី​ថា