លោកតា​អាយុ​៨៨​ឆ្នាំ​ជិះ​កង់​ដើរ​លក់​ស្បែក​កង់​ឡាន ចិញ្ចឹម​ប្រពន្ធ​២​នាក់ និង​កូន​១៩​នាក់

100

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​អាយុ​៨៨​ឆ្នាំទៅ​ហើយ លោកតា​ម្នាក់​បាន​ខិតខំ​តស៊ូ​ផលិត ស្បែកជើងកង់ឡាន​ដែល​មាន​ប្រវត្តិ​ដ៏​ជូរ​ចត់​នា​សម័យ​អតីតកាល បោះ​ឲ្យ​ម៉ូយ​នៅ​តាម​បណ្តាល​ខេត្ត​នានា និង​ជិះ​កង់​ដើរ​លក់​រាប់រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ចំនួន​២​នាក់ និង​កូនប្រុស​ស្រី​ចំនួន ១៩​នាក់ អស់​រយៈពេល​ចំនួន​២៦​ឆ្នាំ​មក​ហើយ​។ នៅ​តាម​ដងផ្លូវ​នានា ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ គេ​ឃើញ លោកតា​បាន​ជិះ​កង់​កញ្ចាស់​មួយ​រហែ​កកែប​ដោយ​លើ​កន្ត្រក​មុខ លើរាន​ក្រោយ និង​មាន​ចង​ថង់​មួយ​សុទ្ធតែ​ស្បែកជើងកង់ឡាន ជួនកាល​គាត់​ជិះ​ជួនកាល​បណ្តើរ​ដោយ​អំពាវនាវ លក់​ស្បែកជើង​ទាំង​ទឹកមុខ​សប្បាយ​រីករាយ និង​បង្កប់​នូវ​ប្រវត្តិ​ដ៏​កម្សត់​។

Loading...

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន លោកតា​បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ សំ​រិ​ទ្ធ អ៊ុ​ន ដែល​អ្នកស្រុក​ហៅ​តា​អ៊ុ​ន អាយុ​៨៨​ឆ្នាំ មាន​លំនៅ​ភូមិ អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ លោកតា​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ ផលិត​ស្បែកជើង ដើរ​លក់​តាំងពី​ឆ្នាំ​១៩៩៣ ដើម្បី​បោះ​ឲ្យ​ម៉ូយ​នៅ​តាម​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដោយ​ស្បែកជើងកង់ឡាន​មួយ​លក់​ក្នុង​តម្លៃ​១៥,០០០​ទៅ​២០,០០០​រៀល ដែល​ក្នុង​មួ​យស​ប្តា​ហ៍ ផលិត​បាន​ប្រមាណ​៧០​ទៅ​១០០​ស្បែកជើង ដោយ​មានកូន​ជា​អ្នក​ជួយ​ផង​ដែរ​។ នៅ​ក្នុង​ការ​យោង​ចាប់ មុខរបរ​នេះ​គឺ​គាត់​បាន​រៀន​កាត់​ធ្វើ​ស្បែកជើង​កង់​រថយន្ត​ដោយ​ខ្លួនឯង ដែល​ស្បែកជើង​នេះ​មានគុណ​ភាព អាច​ប្រើ​បាន​រយៈពេល​ប្រមាណ​១០​ឆ្នាំ​។

លោកតា​បាន​ឲ្យ​ដឹង​ទៀត​ថា ជា​ទូទៅ​គាត់​ដឹក​ស្បែកជើង កង់​រថយន្ត​មក​ទុក​នៅ​កន្លែង​កូន​លក់ដូរ នៅ​ក្នុង​អង្គភាព​កងពលតូច​លេខ​៧០ ហើយ​នៅ​វេលា​ម៉ោង ប្រមាណ​៦​ព្រឹក ក៏​បាន​ជិះ​កង់​យក​ស្បែកជើង​ទៅ​លក់ និង​បោះ​ឲ្យ​ម៉ូយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជួនកាល​ក៏​បាន​ជិះ​កង់​ទៅ​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន​ផង​ដែរ ដើម្បី​លក់​ស្បែកជើង​។ ការ​ប្រកប​មុខរបរ​លក់​ស្បែកជើងកង់ឡាន នៅ​ក្នុង​មួយ​ថ្ងៃ​ចំណេញ បាន​ប្រមាណ​ជាង​១០​ម៉ឺន​រៀល ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ចំនួន​២​នាក់ និង​កូន​ចំនួន​១៩​នាក់ រហូត​ដល់​ក្រមុំ​ក​ម្លោះ ដែល​ប្រពន្ធ​ទី​១ មានកូន ១០​នាក់ ស្រី​៦​នាក់ ប្រុស​៤​នាក់ និង​ប្រពន្ធ​ទី​២ មានកូន​៩​នាក់ ស្រី​៣ ប្រុស​៦​នាក់​។

ទោះបីជា​យ៉ាងណា លោកតា​បាន​បញ្ជាក់​ថា កាលពីមុន​ចិញ្ចឹម​កូន តែ​ពេល​នេះ​កូន​ធំ​មាន​ប្តី ប្រពន្ធ អស់ហើយ គឺ​គាត់​មិន​អាច​ឲ្យ​កូនចិញ្ចឹម​វិញ​ទេ គឺ​ខំ​រក​ខ្លួនឯង​ដោយ​ក្នុង​មួយ​ថ្ងៃ​ជិះ​កង់​រាប់រយ​គីឡូម៉ែត្រ ដើម្បី​យក​ស្បែកជើង​ឲ្យ​ម៉ូយ​ដែល​ខ​ល​កុម្ម​ង់​តាម​ទូរស័ព្ទ​។ លោកតា​បាន​បន្ត​ទាំង​សប្បាយចិត្ត​ថា នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩​នេះ លោកតា​បាន​យក​ស្បែកជើងកង់ឡាន​លក់​ឲ្យ​ព្រះសង្ឃ​នៅ​វត្ត​ទឹកថ្លា​បាន​ប្រមាណ​៥​ទៅ​៦​សម្រាប់ ហើយ បន្ត​ទៅ​វត្ត​នាគ​វ័ន និង​នៅ​ពេល​ល្ងាច​ក៏​បាន​បន្តដំណើរ​ទៅ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​ព្រះ​អង្គ​កុម្ម​ង់​ចំនួន ១៣​សម្រាប់​ទៀត​។

លោកតា​បាន​បន្ត​ទៀត​ថា ឥឡូវ​ខ្លួន​កាន់តែ​ចាស់​សុខភាព​កាន់តែ​ខ្សោយ កូន​ក៏​បាន​ឲ្យ​ឈប់​ដើរ​លក់​តែ​គាត់​ចេះ​តែ​ខំ​រក​មិន​ចង់​ពឹង​កូន​នោះ​ទេ​។ គួរ​បញ្ជាក់​ថា ស្បែកជើងកង់ឡាន នេះ ដែល​ជា​ផលិតផល​ក្នុងស្រុក​មួយ​មាន​ប្រវត្តិ​ជូរ​ចត់ និង​ប្រើប្រាស់​ពេញ​និយម​នៅ​ក្នុង​ប៉ុ​ល​ពត​៕ ដោយ ៖ ម៉េ​ង ធា