ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់ សង្ស័យ​ជា​ករណី​ឃាតកម្ម

554

ខេត្តព្រៃវែង ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​ធ្វើ​ឲ្យ​អ្នកស្រុក​ចោមរោម​មើល​យ៉ាង​កុះករ ដោយសារ​តែ​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់ ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​បន្ទប់​លេខ​២០៧ ក្នុងផ្ទះ​សំណាក់​រំ​ចង់ ដែល​ស្ថិត​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៨ ឧសភា ២០​ឆ​១៩​នេះ​។

Loading...

សាកសព​ស្ត្រី​រង​គ្រោះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយសារ​តែ​ក្នុង​ខ្លួន​អ្នក​ស្លាប់​ពុំ​មាន​ឯកសារ​អ្វី​ទាំងអស់ នាង​មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១AD-៩៦០១ មាន​កាបូបស្ពាយ​មួយ​ដែល​ក្នុង​នោះ​មាន​ក្រដាស​ប៉ុន្មាន​សន្លឹក រួម​ជាមួយនឹង ស៊ី​ម​ទូរ​សព្ទ័​ចំនួន​១​។ ចំណែក​មូលហេតុ​នៃ​ការ​ស្លាប់ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គឺជា​ករណី​ឃាតកម្ម ដោយសារ​តែ​ពេល​ពិនិត្យ​លើ​ដងខ្លួន​សាកសព ត្រង់​ចំណុច​ត្រង់​ក គេ​បានឃើញ​មាន​ស្លាកស្នាម​ត្រូវ​បាន​រឹត​នឹង​ខ្សែ​អ្វីមួយ​រហូត​ដល់​ស្ត្រី​រង​គ្រោះ​ស្លាប់​។

ចំពោះ​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា កើតឡើង​ដោយសារ​តែ​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា ឃាតក​គឺជា​ប្រុស​ស្នេហ៍​របស់​ស្ត្រី​រង​គ្រោះ ដែល​មក​ជួល​បន្ទប់ដេក​ជាមួយ​គ្នា ហើយ​បាន​ចេញ​ទៅ​វិញ​បាត់ មុន​ពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​ប្រមាណ​ជា​១០​នាទី​។

បើ​តាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​សំណាក់​រំ​ចង់ ជា​ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​រសៀល ស្ត្រី​រង​គ្រោះ​រួម​ជាមួយនឹង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយ បាន​មក​ជួល​បន្ទប់​មួយ​ដោយ​ប្រាប់​ថា ជួល​មួយ​ម៉ោង​រួមដំណេក លុះ​មួយ​ម៉ោង​ក្រោយមក​ក៏​ឃើញ​បុរស​ម្នាក់​នោះ​ចេញ​ទៅ​វិញ​តែ​ម្នាក់ឯង ក្នុង​អាកប្បកិរិយា​ប្រញាប់ប្រញាល់ និង​ភ័យ​ស្លន់ស្លោ ដោយ​មានការ​សង្ស័យ​ម្ចាស់ផ្ទះ​ក៏​ចូល​ទៅ​មើល​ក្នុង​បន្ទប់ ដែល​អ្នក​ទាំង​២​ដេក ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ជុំវិញ​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បាន​នៅឡើយ​ទេ ដោយ​កំពុង​តែ​ញាប់ដៃ​ញាប់​ជើង ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​បុរស​ជា​ប្រុស​ស្នេហ៍ ដែល​រត់គេច​ខ្លួន ហើយ​គេ​ជឿជាក់​ថា នៅ​ពេល​ចាប់​ឃាត់ខ្លួន​ប្រុស​ស្នេហ៍​នោះ​បាន​ហើយ គេ​នឹង​អាច​ដឹង​បាន​ថា តើ​បុរស​រូប​នោះ​សម្លាប់​ស្រី​ស្នេហ៍​របស់​ខ្លួន ដោយសារ​តែ​មូលហេតុ​អ្វី​ហើយ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ