រថយន្ត​ដឹក​ជ្រូក​ចំនួន​៣០​ក្បាល សង្ស័យ​នាំ​មក​ពី​ប្រទេស​វៀតណាម

167

ខេត្តស្វាយរៀង ៖ រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៣០​ក្បាល​សង្ស័យ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៃ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ត្រូវ​បាន​ក្រុមការងារ​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋាន សហការ​ជាមួយ ក្រុមការងារ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

Loading...

យោង​តាម​មន្ត្រី​ពេទ្យសត្វ​បាន​ឲ្យ​ដឹង​ថា​៖ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រុមការងា​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋាន សហការ​ជាមួយ ក្រុមការងារ​របស់​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្វាយរៀង ចុះ​ឃាត់ និង​ចាប់​បាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ពាក់​ស្លាក់​លេខ 3A-1256 ដឹក​ជ្រូក​ចំនួន​៣០​ក្បាល ដែល​គ្មាន​ឯកសារ​អ្វី​ទាំងអស់​។

ប្រភព​បន្ត​ទៀត​ថា​៖ ក្រោយ​ពី​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​ខាងលើ​ដើម្បី​សួរនាំ រក​ឯកសារ អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ខាងលើ​បាន​ប្រាប់​ថា គេ​មានច្បាប់​នាំ​ជ្រូក​ពី​ប្រទេស​ថៃ ប៉ុន្តែ​ដោយ​ឯកសារ​ទាំងនោះ​មិន​គ្រប់គ្រាន់ និង​គ្មាន​ប្រភព​ពី​ពេទ្យសត្វ​មូលដ្ឋាន ហើយ​សង្ស័យ​បាន​ដឹក​ចេញពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៃ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទើប​ក្រុមការងារ​បាន​នាំ​សត្វ​ជ្រូក និង​វត្ថុ​តាង​ទាំងនេះ​ទៅ​រក្សារ​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ