លោក ហ៊ុន ម៉ា​នី ចុះ​ត្រួតពិនិត្យ​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន

81

ខេត្ត​ប៉ៃលិន ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​មាន​ប្រសាសន៍ លើក​ឡើង​ថា ៖ សុខ​សន្តិភាព ស្ថិរភាព​សង្គម មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ការ​អភិវឌ្ឍ​សង្គម ហើយ​បើ​គ្មាន​សុខ​សន្តិភាព​គឺ​ប្រទេស​ជាតិ​មិន​អាច​ធ្វើការ​អភិវឌ្ឍ​អ្វី​បាន​ទាំងអស់ រាប់​ទាំង​ផ្នែក​ធនធាន មនុស្ស​ផង​ដែរ​។ ការ​លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស​ដឹកនាំ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា អញ្ជើញ​ធ្វើការ​ចុះ​សិក្សា​ស្វែង​យល់​ពី​វឌ្ឍនភាព និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ទី​១៤ ហើយ​ដែល​មាន​បញ្ហា​។

Loading...

ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​។ នៅ​ក្នុង​នោះ​មាន​វិស័យ​អប់រំ ធម្មការ វប្បធម៌ និង​ទេសចរណ៍ ដែល​ជា​ការងារ​បន្ទុក​របស់​គណៈកម្មការ​ទី​៧ ហើយ​នៅ​ក្នុង​បេសកកម្ម​នេះ ប្រតិភូ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក ហ៊ុន ម៉ា​នី បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា ដែល​ខេត្ត​ប៉ៃលិន សម្រេច​បាន ព្រមទាំង​បាន​គូសបញ្ជាក់​ថា ៖ សម​ទ្ធិ​ផល​នានា ដែល​មាននៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ដូច​ជា ៖ អគារ ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ តូច​ធំ មានការ​រីក​ដុះដាល​ជា​បន្តបន្ទាប់ នេះ​គឺ​កើត​ចេញពី​សុខ​សន្តិភាព ហើយ​សុខ​សន្តិភាព មិនមែន​កើត​បាន​ដោយ​ឯង​ៗ​នោះ​ទេ គឺ​បាន​មក​ពី​ពលី​កម្ម​របស់​យុវជន​ស្នេហា​ជាតិ​ជំនាន់​មុន ដូច្នេះ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​នេះ​ឲ្យ​គង់វង្ស​តទៅ​។

ប្រធាន​គណៈកម្មការ​ទី​៧ ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​ឲ្យ​សកម្ម​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​តម្រូវការ​សង្គម សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​នោះ​ការ​អភិវឌ្ឍ​កសាង​ធនធានមនុស្ស​ជា​រឿង​សំខាន់​ផង​ដែរ​។ ប្រតិភូ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ក៏​បាន​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​ខេត្ត​ប៉ៃលិន ដោយ​បាន​សន្យា​ថា​នឹង​ពាំនាំ​នូវ​ផល​លំបាក​ទាំងនោះ​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ​តាម​រយៈ​សម្តេច​ប្រធានរដ្ឋសភា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ បាន ស្រី​មុំ អនុប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ស្នើ​ឱ្យ​មន្ទីរ​អប់រំ​ពង្រឹង​ការ​ចុះ​អធិការកិច្ច​តាម​សាលា ឲ្យ​បាន​ទៀងទាត់ ហើយ​ធ្វើ​យ៉ាងណា​ស្វែង​យល់​ពី​ទុក្ខ​លំបាក​របស់​លោកគ្រូ អ្នកគ្រូ ហើយ​បន្ត​លើកទឹកចិត្ត​ពួក​គាត់ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ទឹកចិត្ត​រួម​គ្នា​ផ្តល់​ការ​អប់រំ​កូន​ៗ​ដែល​ជា​អនាគត របស់​ខេត្ត​ប៉ៃលិន​។ ទន្ទឹម​នឹង​នោះ លោក​ជំទាវ​ក៏​បាន​សំណូមពរ​ឲ្យ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អប់រំ​សហការ​គ្នា ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​សំណង់​អគារ​នានា ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត និង​សប្បុរសជន​នានា ដើម្បី​ជា​ការ​តបស្នង​ទឹកចិត្ត​គាំទ្រ និង​យកចិត្តទុកដាក់​លើកកម្ពស់ វិស័យ​អប់រំ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល​។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នេះ​ដែរ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ខេត្ត​ប៉ៃលិន មិន​ខុស​ពី​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស​នោះ​ទេ គឺ​ទទួល​បានការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម គ្រប់​វិស័យ ហើយ​ជីវភាព​ពលរដ្ឋ​មានការ​រីក​ចម្រើន ជា​លំដាប់ មិន​ថា​វិស័យ​ទាំង​៤ និង​វិស័យ​ផ្សេង​ៗ នោះ​ឡើយ​។

សូម​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​នៅ​ខេត្ត​ប៉ៃលិន ១-​វិស័យ​អប់រំ មាន​សាលារៀន​ចំនួន ៨៣​សាលា ក្នុង​នោះ ម​ត្តេ​យ្យ​សិក្សា​ចំនួន ២៥​សាលា បឋម​សិក្សា​ចំនួន​៤៩​សាលា អនុ​វិទ្យាល័យ​ចំនួន ៧​សាលា និង​វិទ្យាល័យ​ចំនួន​២​សាលា ដោយ​មាន​សិស្សានុសិស្ស​សរុប​ចំនួន ១៥៥១៩​នាក់ ស្រី ៧៥៩៤​នាក់ និង​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៧៥៣​នាក់ ស្រី​៣៣៩​នាក់ ២-​វិស័យ​ធម្មការ មាន​វត្ត ចំនួន​២៩ អាស្រម ចំនួន​២ និង​មជ្ឈមណ្ឌល​វិបស្សនា ចំនួន​១, ៣-​វិស័យ​វប្បធម៌ មាន​របាំ​ក្ងោក តំបន់​ប​បេតិកភណ្ឌ​វប្បធម៌​ភ្នំ​យ៉ា​ត និង​វត្ត​កោង​កាង ៤-​វិស័យ​ទេសចរណ៍ មាន​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​៣ រមណីយដ្ឋាន​កែ​ច្នៃ ចំនួន​២ កីឡា​ទេសចរណ៍ ចំនួន​១៦ សណ្ឋាគារ​ចំនួន​១១ ផ្ទះសំណាក់ ចំនួន​១៩ និង​អាហារ​ដ្ឋា​ន ចំនួន​៥៩ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន​៕ ដោយ ៖ នី​យ៉ា