គជ​ប បោះពុម្ព​សន្លឹក​ឆ្នោត​ចំនួន​៤៤,៤០០​សន្លឹក សម្រាប់​ប្រើប្រាស់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​,​ក្រុង​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​៣

170

រាជធានី​ភ្នំពេញ ៖ គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​ពី​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ចំនួន​៤៤,៤០០​សន្លឹក សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​, ក្រុង​.​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៦ ខែឧសភា នឹង​បោះពុម្ព​រួចរាល់​ចប់​សព្វគ្រប់​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ។

Loading...

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​រោង​ពុម្ព​លើ​វ៉ា​ហុង សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក លោក ហង្ស ពុទ្ធា សមាជិក និង​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់​ថា ថ្ងៃនេះ គ​.​ជ​.​ប បាន​ធ្វើការ​បង្ហាញ​ពី​ការ​បោះពុម្ព​សន្លឹក​ឆ្នោត ចំនួន​៤៤,៤០០​សន្លឹក (​បួន​ម៉ឺន​បួន​ពាន់​បួន​រយ​សន្លឹក​) ឆ្ពោះទៅរ​កបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​.​ក្រុង /​ស្រុក​ខណ្ឌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​។

ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​.​ខណ្ឌ​,​មាន​ចំនួន​សន្លឹក​ឆ្នោត​ស្មើគ្នា​,​ហើយ​អង្គ​បោះ​ឆ្នោត​ម្នាក់​អាច​កាន់​សន្លឹក​ឆ្នោត​២​សន្លឹក​បោះ​ចូល​ក្នុង​ហិប​ឆ្នោត​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែង​មួយ​។ ក្នុង​នោ​លោក​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អះអាង​ថា ”​សន្លឹក​ឆ្នោត​ចំនួន​២២,២០០​សន្លឹក សម្រាប់​ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​/​ខេត្ត និង​សន្លឹក​ឆ្នោត​ចំនួន​២២,២០០​សម្រាប់​ប្រើប្រាស់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​.​ខណ្ឌ​.​អាណត្តិ​ទី​៣​នេះ​”​។ លោក​បន្ត​ថា សន្លឹក​ឆ្នោត​ពណ៌​ស​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​/​ខេត្ត និង​សន្លឹក​ឆ្នោត​ពណ៌​លឿង​សម្រាប់​ប្រើប្រាស់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​.​ខណ្ឌ​។

សន្លឹក​ឆ្នោត​ត្រូវ​បាន​រចនា​ដោយ​(​គជ​ប​) បញ្ជូន​ទៅ​បោះពុម្ព និង​កឹ​ប​ជា​សៀវភៅ​ក្នុង​មួយ​ក្បាល​៥០​សន្លឹក និង​មានការ​ដាក់​អក្សរ​NEC នៅ​លើ​សន្លឹក​ឆ្នោត​នីមួយ​ៗ​សម្រាប់​សម្គាល់ និង​ដាក់​លេខ​រៀង​នៃ​គណបក្ស​នយោបាយ​ទាំង​៧ ដែល​បាន​ចុះ​ឈ្មោះ​។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ កំពុង​ស្ថិត​នៅ​ក្នុង មុខ​ដំណែង មាន​ចំនួន​១១,៥៧២​នាក់​, ហើយ​មាន​មណ្ឌលបោះឆ្នោត​ចំនួន​២២៨​មណ្ឌល និង​មាន​ការិយាល័យ​ចំនួន ២០៣​ការិយាល័យ​នៅ​២៥​រាជធានី​.​ខេត្ត​ទូ​ទាំង​ប្រទេស​។

លោក​បន្ត​ថា សន្លឹក​ឆ្នោត​ទាំងនេះ​តាម​គម្រោង​ចាប់ពី​ថ្ងៃ​ទី ១៧​ដល់​២២ ខែឧសភា​នឹង​ដឹក​ជញ្ជូន​ចេញពី​រោង​ពុម្ព​ទៅ​គ្រប់​គណៈកម្មាធិការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ចាត់ចែង​បន្ត​ដឹក​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​២៤.​ទី​២៥ ខែឧសភា​(​មុន​ថ្ងៃ​បោះ​ឆ្នោត​១​ថ្ងៃ​)​។ សូម​ជម្រាប​ថា គណបក្ស​ទាំង​៧​នោះ​រួម​មាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ,​គណបក្ស​យុវជន​កម្ពុជា ,​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ដែល​សរុប​ចំនួន​៥៥៩​អាសនៈ ឬ​រូប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​ចំនួន​៣.៥៥៥​រូប៕ ដោយ ៖ ស​.​សុខុម