អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន Dunhuang Academy ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា

113

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​សុក្រ ៧​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន Dunhuang Academy នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជា​មិត្តភាព និង​ផ្សព្វ ផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​រវាង​ស្ថាប័ន​ទាំង​ពីរ នា​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។

Loading...

អនុស្សា​រណៈ យោគយល់​គ្នា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Zhao Shengliang នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន Dunhuang Academy​។ អនុស្សា​រណៈ​នេះ មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ដែល​មាន​ខ្លឹមសារ​សំខាន់​ៗ​ផ្តោត​លើ​ការ​សិក្សា​ប្រៀបធៀប​ស្តី​ពី​សិល្បៈ ព្រះពុទ្ធ​សាសនា ផ្លាស់​ប្តូរ​ការ​សិក្សា​ស្តី​ពី​ការ​អភិរក្ស និង​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌ ផ្លាស់​ប្តូរ​គ្នា​អំពី​ការ​ប្រើប្រាស់​ឯកសារ​ស្រាវជ្រាវ​រួម​គ្នា បង្កើត​គម្រោង​ស្រាវជ្រាវ​រួម​គ្នា ផលិត​វី​ដេ​អូ និង​រៀបចំ​ពិព័រណ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​រមណីយដ្ឋាន​រូងភ្នំ Mangao ផ្លាស់​ប្តូរ​ការ​សិក្សា​ស្រាវជ្រាវ​វប្បធម៌​រវាង​ស្ថាប័ន​ទាំង​ពីរ​។

តាម​រយៈ​កិច្ចសហការ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​រំពឹង​ថា​នឹង​ទទួល​បានការ​រីក​ចម្រើន​ទាំង​ផ្នែក​ធនធានមនុស្ស​ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ព្រមទាំង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទៅ​កាន់​ពិភពលោក​អំពី​រមណីយដ្ឋាន​អង្គរ​។ សូម​បញ្ជាក់​ដែរ​ថា ស្ថាប័ន Dunhuang Academy គឺជា​ស្ថាប័ន​ចម្រុះ និង​ជា​វិទ្យាស្ថាន​បណ្ឌិតសភា ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ឆ្នាំ​១៩៩៤ ដើម្បី​ទទួល​បន្ទុក​ការងារ​ផ្នែក​អភិរក្ស ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​ជា​ស្ថាប័ន​ជាតិ​អភិរក្ស​បុរាណវត្ថុ​ល្បី​ៗ នៅ​ក្នុង​ប្រទេស​ចិន​៕ ដោយ ៖ ច័ន្ទ រស្មី