នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ទស្សនកិច្ច​ផ្លូវការ ចំនួន​០៣​ថ្ងៃ​នៅ​កម្ពុជា

79

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ និង​លោក​ជំទាវ បាន​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​ចូល​គោរព​វិញ្ញាណក្ខន្ធ​សម្តេចព្រះ បរម​រតន​កោដ្ឋ ក្នុង​ពេល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០៣​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយក រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់ បាន​អញ្ជើញ​មក បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែឧសភា ឆ្នាំ​២០១៩​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ កាលពី​រសៀល​ថ្ងៃ​ទី​១០ ឧសភា​ថា​,​ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី នឹង​ចូល​ជួប​សម្តែង​ការ​គួរសម ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​។ ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ថែម​ពី​នេះ ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី ត្រូវ​បាន​រំពឹង​ថា នឹង​ថ្លែង​សុន្ទរកថា គន្លឹះ​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​។ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមាន​ឯករាជ្យ និង​ព្រះ​មណ្ឌល​ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុជា​។ ឯកឧត្តម ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទីកន្លែង​សំខាន់​ៗ​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ក្រសួងការបរទេស​បញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ មក​កាន់​កម្ពុ​ជានា​ពេល​នេះ នឹង​ពង្រឹង​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​លើកតម្កើង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំង​ពីរ​៕ ដោយ ៖ ស​.​សុខុម