កម្ពុជា​ធ្វើ​ជា​ម្ចាស់​ហ្វឹកហ្វឺន​ថ្នាក់​តំបន់​អាស៊ាន​លើ​ជំនាញ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ

89

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​អាជ្ញាធរ​មីន​កម្ពុជា​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ នៃ​សិក្ខាសាលា​ថ្នាក់​តំបន់ និង​អាស៊ាន​លើ​ជំនាញ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន រយៈពេល​៣​ស​ប្តា​ហ៍ ដើម្បី​បង្កើន​សមត្ថភាព​ដល់​កម្លាំង​រក្សា​សន្តិភាព​មុន​ចេញ​បំពេញបេសកកម្ម អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កំពុង​មាន​ជម្លោះផ្ទៃក្នុង​របស់​ខ្លួន​នៅ​តំបន់​អាហ្វ្រិក​។

Loading...

អាជ្ញាធរ​មីន​បាន​អះអាង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​បោសសម្អាត​មីន​កម្រិត​ខ្ពស់​ថ្នាក់​តំបន់ និង​អាស៊ាន​សម្រាប់​គ្រូ​បង្គោល​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា​នេះ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ​។ លោក លី ធុ​ច ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន ថ្លែង​ថា កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​សិក្ខាសាលា បណ្តុះ​បណ្ត​ល គ្រូ​បង្គោល​ថ្នាក់​តំបន់ និង​អាស៊ាន លើ​ជំនាញ​បោសសម្អាត​មីន ដោយសារ​ប្រទេស​កម្ពុជា គឺ​មានបទពិសោធន៍​គ្រប់គ្រាន់ លើ​ជំនាញ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។

លោក​បន្ត​ថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​កងទ័ព​កម្ពុជា គឺ​មាន​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​។ លោក​បន្ត​ថា ជាមួយ​គ្នា វគ្គ​ហ្វឹកហ្វឺន​លើក​នេះ ក៏​មាន​យោធា​ចា​រ្យ​បរទេស មក​ពី​៥​ប្រទេស​ផង​ដែរ ដែល​មាន ចិន រុ​ស្ស៊ី បារាំង អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​។ លោក​បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​៣ នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ​ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ សមត្ថភាព​និង​បទ​ពិសោធន៍​របស់​កងកម្លាំង​កម្ពុជា​លើ​ជំនាញ​បោសសម្អាត​មីន​។

កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​បោ​សម្អាត​មីន​ដោយ​មានការ​គ្រប់គ្រង និង​សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​មួយ​ទទួល​បន្ទុក​វិស័យ​មីន និង​អង្គភាព​ប្រតិបត្តិការ​ការងារ​មីន​ដោយ​ផ្ទាល់​។ លោក​លើក​ឡើង​ថា​ក្នុង​នោះ រួម​មាន​អង្គភាព​កងទ័ព (NPMEC) មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) Halo Trust និង​អង្គការ MAG ជាដើម​។ កម្ពុជា​ក៏​បាន​ចាត់​ទុក វិស័យ​មីន​ជា​អាទិភាព​ទី​១៨​បន្ថែម​ពីលើ​គោលដៅ​អភិ​វ​ឌ្ឈ​ប្រកបដោយ​ចីរភាព ទាំង​១៧​របស់​អង្គការសហប្រជាជាតិ​(SDGDs)​ផង​ដែរ​។

ចំណែក​លោក​ឧត្តមសេនីយ៍ឯក កែន សូ​សារ​វឿ​ន អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​តំណាង​ឱ្យ​ឯកឧត្តម​នាយ​ឧត្តម សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ដកស្រង់​បាន​មេរៀន បទ​ពិសោធន៍​ថ្មី​ៗ​ថែម​ទៀត​ពី​ការ​ពិភាក្សា​ស៊ីជម្រៅ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ​ដើម្បី​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​ថែម​ទៀត​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ទៅ​អនាគត​។ លោក​បាន​បញ្ជាក់​ថា វគ្គ​នេះ សិក្ខាកាម​មាន​មក​ពី​១៦​ប្រទេស មាន​ចំនួន​៣៥​នាក់ ដែល​ក្នុង​នោះ​មាន​សិក្ខាកាម​នា​រូ​ចំនួន ពីរ​នាក់​ដែល​មក​ពី​អង្គការសហប្រជាជាតិ និង​រុ​ស្ស៊ី​។

វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។ លោក​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​ពី​សាធារណរដ្ឋ​បារាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន សហរដ្ឋអាមេរិក​សហព័ន្ធ​រុ​ស្ស៊ី សាធារណរដ្ឋ​កូរ៉េ តំណាង​មក​ពី UNDP ARMAC ICRC ដែល​បាន​ផ្ដល់​ហរិ​ញ្ញ​វត្ថុ​មួយ​ផ្នែក និង​បាន​បញ្ជូន​យោធា​ចា​រ្យ​មក​ជួយ​ហ្វឹកហ្វឺន​ក្នុង​វគ្គ​នេះ​ដែល​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ឥត​ឈប់​ឈរ​របស់​ខ្លួន​ចំពោះ​សកម្មភាព​មីន​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់​៕ ដោយ ៖ ស​.​សុខុម