ជនសង្ស័យ​ពីរ​នាក់​ឆក់​ទូរស័ព្ទ ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​តែ​រត់​មិន​រួច

134

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​និង​បាន​ព្យាយាម ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ប៉ុន្តែ​រត់​មិន​រួច​ទីបំផុត​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ រួច​បាន​នាំ ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

ជនសង្ស័យ​ដែល​ត្រូវ​ជាប់អន្ទាក់​នគរបាល នោះ​ម្នាក់ ឈ្មោះ ហេង ណា​ង អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉​ន តារា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុង​សង្កាត់ ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​ស្ត្រីជន​រង​គ្រោះ​ឈ្មោះ សុខ សុ​ភ័​ក្រ អាយុ​១៨​ឆ្នាំ​។ នគរបាល​បាន និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង​តាម​ផ្លូវជាតិ​លេខ​៣​ក្នុង ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ជិះ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ ខណៈនោះ ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​តាម​ពីក្រោយ​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​នាងរង​គ្រោះ​បាន​សម្រេច​រួច​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ ដេញ​តាម​ហើយ​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ផ្អើល​យ៉ាង​ខ្លាំង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​កម្លាំង នគរបាល​ខណ្ឌដង្កោ​កំពុង​ជិះ​ម៉ូតូ​ល្បាត​ប្រទះ​ឃើញ​ក៏​បាន​ដេញ​តាម​ចាប់ ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ភ័យ​បាន​ជិះ​ម៉ូតូ​រត់​តែ​រត់​មិន​រួច​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់​ចូល​វាលស្រែ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ សហ​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន​ទាំង​២​នាក់​ភ្លាម​ៗ​តែ​ម្ដង​។ បន្ទាប់​មក​បាន​នាំ​យ​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​ពងទឹក​មួយ​ជំហាន​រួច​ទើប​ប្រគល់​ជូន​ខាង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត​ទៀត​៕ ដោយ ៖ យន់ ស៊ី​ថា