រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​មណ្ឌលគិរី លើស​ពី​ការ​រំពឹង​ទុក

107

ខេត្តមណ្ឌលគិរី ៖ រម​នី​យ​ដ្ឋា​ន​សមុទ្រ​ឈើ ភ្នំ​ដោះ​ក្រមុំ និង​ទឹកជ្រោះ​ប៊ូ​ស្រា​នៅ​តែ​ជា​គោលដៅ​សំខាន់ សម្រាប់​ភ្ញៀវ​ទេសចរណ៍ ចូល​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ជាងគេ នៅ​ខេត្តមណ្ឌលគិរី ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក នៃ​ឱកាស​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ថ្ងៃ ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​១៣ ១៤ ១៥ នៃ​ខែឧសភា​នេះ ខេត្តមណ្ឌលគិរី​មាន​ភ្ញៀវ​ទេសចរណ៍ មក​លេង​កម្សាន្ត​សរុប​ជាង​២១​ពាន់​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិប្រមាណ​២០​ពាន់​នាក់ និង​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តិចតួច ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មានការ​កើនឡើង ចំនួន​១៥,៦១% ភ្ញៀវ​ជាតិ​កើនឡើង​១៥,៧៥% ចំណែក​ភ្ញៀវ​អន្តរជាតិ​កើនឡើង ២,៥៧%​។

ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ភាគច្រើន​តែងតែ​ឡើង​ទៅ​រមណីយដ្ឋាន វប្បធម៌​ភ្នំ​ដោះ​ក្រមុំ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​សមុទ្រ​ឈើ ជា​ពិសេស​រមណីយដ្ឋាន ទឹកជ្រោះ​ប៊ូ​ស្រា​តែ​ម្តង​។ ក្នុង​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​នេះ​ដែរ ក្រៅពី​ការ​ទស្សនា និង​កម្សាន្ត​តាម​រមណីយដ្ឋាន ទឹកជ្រោះ​ធម្មជាតិ ភូមិ​ជនជាតិ​ដើម​ភាគតិច និង​តំបន់​រមណីយដ្ឋាន​វប្បធម៌ មាន​ភ្ញៀវ​ខ្លះ​បាន​ចាប់អារម្មណ៍​ខ្លាំង លើ​បរិយាកាស​ធម្មជាតិ ដោយ​ពួក​គាត់​ចូល​ចិត្ត​អង្គុយ​លេង​នៅ​តាម​វាលស្មៅ​ដែល​គ្របដណ្ដប់​លើ​ភ្នំ ដោយ​ភ្ជាប់​ជាមួយ​អាហារ​វេច​ខ្ចប់​ស្រាប់​មក​ញាំ​គយគន់​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ​។

អ្នក​ទេសចរណ៍​បាន​បង្ហាញ​ពី​អារម្មណ៍​ដែរ​ថា ខេត្តមណ្ឌលគិរី​មាន​រមណីយដ្ឋាន​កម្សាន្ត​ច្រើន​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត មុន​មក​កាន់​ខេត្តមណ្ឌលគិរី​លោក​ក៏​បាន​ទៅ​កម្សាន្ត​នៅ​បណ្ដា​ខេត្ត ជា​ច្រើន​ហើយ ប៉ុន្តែ​ខេត្តមណ្ឌលគិរី​មាន​ទេសភាព​ល្អ​ប្លែក​គេ ដោយ​មាន​ភ្នំ​ច្រើន ព្រៃឈើ ទេសភាព​ស្អាត ពិតជា​គួរ​ឲ្យ​ទាក់ទាញ ប្រ​សិន​មានឱកាស​នឹង​មក​លេង​ខេត្តមណ្ឌលគិរី​ច្រើន​ដង​ទៀត ដើម្បី​បាន​ដើរ​កម្សាន្ត ច្រើន​កន្លែង​ជាង​លើក​នេះ​។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ឈប់​សម្រាក​នៃ​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ខេត្តមណ្ឌលគិរី​មាន​ភ្ញៀវ​មក​លេង​ច្រើន​រហូត​តាម​ផ្ទះសំណាក់ សណ្ឋាគារ ពុំ​មាន​បន្ទប់​គ្រប់គ្រាន់​ឲ្យ​ភ្ញៀវ​សម្រាក នោះ​ទេ ដោយ​ភ្ញៀវ​ខ្លះ​សម្រេចចិត្ត​គេង ក្នុង​ជំរុំ​តង់ សុំ​ផ្ទះ​ប្រជាពលរដ្ឋ​សម្រាក និង​ខ្លះ​ទៀត​សម្រាក​តាម​វត្ត​អារាម​ក៏​មាន​៕ ដោយ ៖ សាយ ករុណា