គណបក្ស​នយោបាយ​៧​ដណ្តើម​យក​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ

133

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ក្នុង​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ បាន ចាប់ផ្តើម​ធ្វើ​សកម្មភាព​ឃោសនា រក​សំឡេង​ឆ្នោត​ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ខណៈ​ច្បាប់​កំណត់ ឲ្យ​ការ​ឃោសនា​នេះ​តែ​រយៈពេល ៨​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ខុស​ពី​អាណត្តិ​ទី​១ និង​អាណត្តិ​ទី​២ ដែល​មាន​រយៈពេល​រហូត​ដល់​១៥​ថ្ងៃ​។

Loading...

លោក បន្ត​ថា ការ​ឃោសនាបោះឆ្នោត​នេះ ចាប់ផ្តើម​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ដោយ​ក្នុងអំឡុងពេល ឃោសនា​នេះ គណបក្ស​នយោបាយ​នីមួយ​ៗ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​ជា​សាធារណៈ ដូច​ជា​៖ ការ​ជួបជុំ​ជា​សាធារណៈ ការ​រៀបចំ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​នៅ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន​២​ដង ការ​ជួបជុំ ឬ​ការ​ឃោសនា​តាម​ផ្ទះ ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍ ឬ​សារព័ត៌មាន ការ​ឃោសនា​តាម ឧបករណ៍​បំពង​សំឡេង ចាក់​វី​ដេ​អូ បិទ​ផ្សាយ​បដា​ពាក្យស្លោក​ជាដើម​។

ចំណែក​មន្ត្រី​គណបក្ស ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នេះ សកម្មជន​នៃ​គណបក្ស​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព ឃោសនា តាម​រយៈ​ការ​ហែ​ក្បួន និង​ការ​ឃោសនា​តាម​ឧបករណ៍​បំពង​សំឡេង​នៅ​តាម​មូលដ្ឋាន នៃ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ គ​.​ជ​.​ប បញ្ជាក់​ថា គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស នយោបាយ អាច​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់​ប៉ុ​ណ្ណ៉ោះ ហើយ​មិន​ត្រូវ​ឆ្លង​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ដែល​ជា​ថ្ងៃ​ស​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ គ​.​ជ​.​ប ក៏​អំពាវនាវ​ដល់​គណបក្ស​នយោបាយ ដែល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ គោរព​វិធានការ បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​មាន​ចែង ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​នានា ដើម្បី​នាំ​មក​នូវ​សេចក្តី​ថ្លៃថ្នូរ សេរី​ពហុបក្ស និង​បញ្ចៀស​បាន​នូវ ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ការ​រំលោភ​បំពាន និង​ការ​ប្តឹងផ្តល់​ដាក់​គ្នា​។ សូម​បញ្ជាក់​ថា គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​អ​សកល​នេះ​មាន​៖

គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដើម្បី​ដណ្តើម​យក​អាសនៈ ជា​សមាជិក​ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ដែល​សរុប​ចំនួន​៥៥៩​រូប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​ចំនួន​៣.៥៥៥​រូប ក្នុង​ចំណោម​អង្គ​បោះ​ឆ្នោត​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ មក​ពី​សមាជិក ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​មុខ​តំណែង​បច្ចុប្បន្ន​សរុប​១១.៥៧២​នាក់​៕ ដោយ ៖ ស​.​សុខុម