គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

121

រាជធានី​ភ្នំពេញ ៖ សមាជិក​សមាជិកា​គណaបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ប្រមាណ​៣៥០០​នាក់ បាន​ចូលរួម​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​,​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​៣ ទៅ​តាម​កាលបរិច្ឆេទ​របស់ គ​.​ជ​.​ប​។

Loading...

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម ការងារ ជួយ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ថា កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន និង​ទៅ​អនាគត​យើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា បន្ត​គាំទ្រ​ឥត​ងាករេ​នូវ​កម្មវិធី​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​ខិតខំ​ពុះពារ​គ្រប់​បែប​យ៉ាង​ជា​បន្តបន្ទាប់​ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​កាន់តែ​រឹង​មាំ និង​ការពារ​រាល់​សមិទ្ធផល​សង្គម​ជាតិ ដែល​ប្រជាជន​យើង​សម្រេច​បាន​។

ក្នុង​ឱកាស​នោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លៃ​ង​ក្នុង​ន័យ​ណែនាំ ដល់​សមាជិក​សមាជិកា​គណបក្ស ទាំងអស់​ដែល​ចូលរួម​ក្នុង​យុទ្ធនា ការ​ឃោសនាបោះឆ្នោត​នេះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​គណបក្សកាន់អំណាច​ដែល​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ក្រុមការងារ​គណបក្ស ខណ្ឌ​.​សង្កាត់ និង​បេក្ខជន​ផ្អែក​លើ​ផែនការ​សកម្មភាព និង​ប្រតិទិន​ការងារ​បោះ​ឆ្នោត របស់​ខ្លួន​ត្រូវធ្វើ​សកម្មភាព​ឃោសនា​ស្រប​តាម​ការ​កំណត់ នៃ​ច្បាប់​បទបញ្ជា​នីតិវិធី និង​ក្រមសីលធម៌​នៃ​ការ​ឃោសនាបោះឆ្នោត​។

ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ ត្រូវធ្វើ​ឡើង​រយះ​ពេល​៨​ថ្ងៃ​ជាប់​ៗ​គ្នា​តាម​ប្រតិទិន​របស់​គ​.​ជ​.​ប​កំណត់ ហើយ​ត្រូវ​បញ្ចប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត​។ ការ​ឃោសនាបោះឆ្នោត​អាច​ធ្វើ​ជា​រួម​នៅ​ថ្នាក់​រាជធានី ឬ​តាម​ខណ្ឌ (​តាម​ការ​ជាក់ស្តែង​) ដែល​គោលដៅ​សំខាន់​គឺ​ឆ្ពោះទៅ​រក​ក្រុមប្រឹក្សា​សង្កាត់​ដែល​ជា​អង្គ បោះ​ឆ្នោត​។ គួរ​បញ្ជាក់​ថា តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ​មាន​គណបក្ស​នយោបាយ​ចំនួន​៦​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​សំរាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​។

គណបក្ស​ទាំង​៦​នោះ រួម​មាន​គណបក្ស​ប្រជាជន កម្ពុជា​,​គណបក្ស​យុវជន​កម្ពុជា​,​គណបក្ស​ឆន្ទៈ​ខ្មែរ​,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​,​គណបក្ស​ហ្វ៊ុ​ន ស៊ី​ន​ប៉ិច​,​គណបក្ស​សញ្ជាតិ​កម្ពុជា​។ តាម​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​នោះ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​សរុប​ចំនួន​២៧៤​រូប​ស្រី​ចំនួន​១១៥​រូប និង​មណ្ឌល​ខណ្ឌ​ទាំង​១៤ មាន​បេក្ខជន​សរុប​ចំនួន​១.៣៤៣​រូប​ស្រី​៥៣៧​រូប​។ ក្រោយ​ពី​មានការ​ជួបជុំ​នៅ​កោះ​ពេជ្រ​អង្គ​មិ​ទ្ទិញ​ក៏​បាន​បំបែក​គ្នា​ដង្ហែ​ក្បួន​ទៅ​តាម​ខណ្ឌ​រៀង​ៗ​ខ្លួន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ