ខេត្តកោះកុង ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ៩៨៤នាក់ ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅតំបន់អារ៉ែង ស្ថិតនៅភូមិព្រែកសាយ ឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ ដោយមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារជាច្រើននាក់ទៀត។

លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពុកម៉ែ បងប្អូននៅក្នុងកម្មវិធីនោះផងដែរ។ ដោយលោកជំទាវបន្តថា នៅតំបន់អារ៉ែងនេះ ជាតំបន់ដាច់ស្រយាល ដោយមើលឃើញផ្លូវពិបាកធ្វើដំណើរផងនោះ ក្រុមចលនាយុវជន ក១៥៧ ដឹកនាំដោយលោក ម៉ឹង ពន្លក បានចុះធ្វើលាសារៀន អណ្តូងទឹក ប៉ុស្តិ៍សុខភាព ជាពិសេសកសាងធ្វើផ្លូវថ្នល់បានស្អាតល្អ ងាយស្រួលធ្វើដំណើរ សម្រាប់តំបន់អេកូទេសចរណ៍ផងដែរ។

សមិទ្ធផលទាំងអស់ខាងលើនេះសុទ្ធតែមានការជ្រោមជ្រែង និងគាំទ្រពីប្រមុខរាជរដ្ឋាភិបានកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ លោកជំទាវ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារ សម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយ ភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាព បន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតាសម្រាប់ លោកយាយ លោកតា ចំនួន ៣០០គ្រឿង ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញ សម្រាប់ជនពិការចំនួន ០៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋាន។ ពុកម៉ែ បងប្អូនបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត៕ ដោយ ៖ សុខ សារ៉ាយ






