អាជ្ញាធរ និង​ពលរដ្ឋ​រាជធានី​ភ្នំពេញ​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ក្នុង​សម័យ​ប៉ុ​ល​ពត

95

រាជធានី​ភ្នំពេញ ៖ មាន​រយៈពេល​៤០​ឆ្នាំ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន នោះ​គឺ​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (​របប​ប៉ុ​ល​ពត​) ដែល​បង្ក​វិនាសកម្ម​យ៉ាង​សាហាវ​ឃោ​ឃៅ​ព្រៃផ្សៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និរាស​ព្រាត់ប្រាស​បែកបាក់​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី បង​ព្រាត់​ប្អូន​រហូត​មក​ដល់​សព​ថ្ងៃនេះ​។ ទោះជា​មាន​រយៈពេល​យូ​យ៉ាងនេះ​ក្តី តែបើ​យើង​នឹកគិត ហើយ​គ្រាន់តែ​បិទ​ភ្នែក​ស្រមៃ​បន្តិច​នោះ យើង​នឹកឃើញ​ភ្លាម​ហាក់​នៅ​នឹង​ភ្នែក​ស្រស់​ៗ​នូវ​ភាព​ឈឺចាប់ ទាំងនោះ​គឺ​នៅ​តែ​ដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​តែ​ម្តង​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ​។

Loading...

ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃ​ទី​២០ ឧសភា ២០១៩​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ដោយ​មានការ​រៀបចំ​ពី​គណបក្ស​ប្រជាជន រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ នា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពិធី​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​មហាជន​ចូលរួម​រាប់​ពាន់​នាក់ ដោយ​មានការ​អាន​វិយោគកថា ព្រមទាំង​សម្ដែង​ឈុត​ឆាក​ខ្លី​ៗ​ពី​ប្រវត្តិ​ខ្លះ​ៗ នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ដោយ​ក្រុម​សិល្បៈ​នៃ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ និង​រាប់​បាត​ព្រះសង្ឃ​ចំនួន​២០៧​អង្គ​ផង​ដែរ​។

ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​ជន​ស្លូតត្រង់​ចំនួន ៨,៩៨៥​នាក់​ដែល​ត្រូវ​បាន​ពួក​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត យក​មក​សម្លាប់​នៅ​ជើងឯក​នេះ​។ ថ្ងៃ​២០ ឧសភា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​ចាំ​ទុក​មិន​អាច​បំភ្លេច​បាន​នូវ​សម័យកាល​នរក​អ​វចី​ដែល​បាន​កើតឡើង​ហាក់​នៅ​ស្រស់​ៗ​នៅឡើយ​លើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​អស់​រយៈពេល​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ