ធ្វើ​ពិធី​បំបួស​កុលបុត្រ​ខ្មែរ​ជា​សាមណេ និង​សីលវតី​ចំនួន​២០០​អង្គ​/​នាក់

115

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត និង​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស្ថាប័ន​ជំនាញ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បំបួស​សាមណេរ និង​សីលវតី ចំនួន​២០០​អង្គ​/​នាក់ នៅ​វត្ត​សាមគ្គី​គិរី​សំរឹទ្ធ (​វត្ត​សាលា​ក្រៅ​ថ្មី​) ស្ថិត​ក្នុង​ឃុំ​អូរ​អណ្តូង ស្រុក​សលា​ក្រៅ ខេត្ត​ប៉ៃលិន​។

Loading...

ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា​៖ ពិធី​បំបួស​កុលបុត្រ កុលធីតា​នា​ពេល​នេះ គឺ​មាន​សារៈសំខាន់​ក្នុង​ការ អប់រំ​ផ្លូវចិត្ត ធ្វើ​ឲ្យ​មនុស្ស​មានការ យល់​ដឹង​កាន់តែ​ប្រសើរ យល់​ដឹង​ពី​បាប​បុណ្យ​អំពើ​ជា​កុសល និង​មានធម៌​ខន្តី យោគយល់​អនុគ្រោះ​ដល់ មនុស្ស​ផង​គ្នា​ដោយ​ប្រកាន់ខ្ជាប់​តាម​ពុទ្ធឱវាទ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ជា​ពិសេស​ដើម្បី​បំពេញ បំណង​ដល់​កូនចៅ​ដែល​ចង់​តបស្នង​សងគុណ មាតាបិតា​របស់​ខ្លួន​។

ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ ជា​ការ​ពិត​ណាស់ បើ​គ្មាន​សន្តិភាព គ្មាន​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្តេច​តេ​ជោ​សែន នោះ​ទេ យើង​ពិតជា​មិន​មាន​អ្វី​ៗ​ដូច​ពេល​នេះ​ដែរ គឺ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំ​មាន​ជម្លោះ​ខាង​សាសនា ដូច​ប្រទេស​មួយ​ចំនួន​លើ​សកលលោក​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជឿ​ទៅ​លើ​សាសនា​ណា​ក៏​បាន ឲ្យ​តែ​ខ្លួន​ពេញចិត្ត និង​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល ក៏​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​សីលវន្ត សីលវតី ត្រូវ​ខិតខំ​រៀន​បាលី ធម៌អាថ៌ និង​ត្រូវ​គោរព​វិន័យ​ឲ្យ​បាន​ល្អ​ទាំង​ការ​ស្នាក់​នៅ និង​គង់​ក្នុង​វត្ត ក៏​ដូច​ក្នុង​ពិធី​និមន្ត​ចេញ​ប្រតិបត្តិ​ធម៌ នៅ​តាម​ភូមិ​-​ស្រុក ធ្វើ​យ៉ាងណា​ត្រូវ​គោរព​ធម៌​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ឲ្យ​បាន​ថ្លៃថ្នូរ​ទៅ​តាម ប្រពៃណី ទំនៀមទម្លាប់​សាសនា​របស់​រដ្ឋ​។ បើ​តាម​ការ​បញ្ជាក់​របស់​ព្រះ​គ្រូ អ៊ា សុ​ផ​ន ព្រះ​មេគណ​ខេត្ត​ប៉ៃលិន បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា​៖

នៅ​ឆ្នាំ​នេះ​សាលា​គណ​គណៈមហានិកាយ​ខេត្ត​ប៉ៃលិន បាន​សហការ ជាមួយ​វត្ត​សាមគ្គី​គិរី​សំរឹទ្ធ ធ្វើការ​រៀបចំ​ពិធី​បំបួស​កុលបុត្រ​ខ្មែរ ជា​សាមណេ និង​សីលវតី ចំនួន​២០០​អង្គ​/ នាក់ រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២៣ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ការ​បំបួស​នេះ​គឺ មាន​គោលបំណង​ទី​១ គឺ​ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះ​អង្គ ៦៦ យាង​ចូល ៦៧​ព្រះ​វស្សា​។ ទី​២៖ គឺ​ដើម្បី​បញ្ជ្រាប​ដល់​យុវជន យុវនារី​ខ្មែរ​ឲ្យ​ស្គាល់​តម្លៃ​នៃ​ទ្រឹស្តី អប់រំ​របស់​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​ជាតិ​យើង​៕ ដោយ ៖ នី​យ៉ា