មេឃ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភ្នំពេញ

167

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មាន​ធ្លាក់​ភ្លៀង ដែល​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ដោយ​បាន​បង្ក​ឲ្យ​មាន​ដើមឈើ​មួយ​ចំនួន នៅ​តាម​ដងផ្លូវ បាន​បាក់​ដួល​រលំ​។ តែ​មិន​បង្ករ​គ្រោះថ្នាក់​មនុស្ស​ណា​ម្នាក់ ឬ​ក៏​រង​ការ​ខូចខាត​ដល់​ទ្រព្យ សម្បត្តិ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។

Loading...

ជាក់ស្ដែង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចម្ការមន ដើម​លឿង​រាជ្យ​ធំ​មួយ​ដើម ដែល​ដុះ​នៅ​ខាង​មុខ​ផ្ទះ​លេខ ៥១DE ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ បាន​បាក់​រលំ​សង្កត់​លើ ខ្សែ​រកា​ប្លិ៍​មួយ​ចំនួន​ឲ្យ​ដាច់​ធ្លាក់​ដល់​ដី​ផង​ដែរ តែ​មិន​បាន​បង្ក​ឲ្យ​រង​ការ​ខូចខាត ដល់​ទ្រព្យ សម្បត្តិ​អ្វី​ឡើយ​។ ចំណែកឯ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ត្រង់​ចំណុច​ខាង​មុខ​ហាង​លក់​សម្ភារ អគ្គិសនី​មួយ​កន្លែង ក៏​មាន​ដើម​ក្ងោក​មួយ​ដើម​បាន​រលើង​គល់​ទ្រេត​ទៅ​លើ​ហាង​នោះ​ផង​ដែរ តែ​មិន​បាន​បង្ក​ឲ្យ​អគារ​ហាង​លក់​សម្ភារ អគ្គិសនី​នោះ​រង​ការ​ខូចខាត​អ្វី​ឡើយ ហើយ​ក៏​មាន​មែកឈើ​តូច មួយ​ធ្លាក់​នៅ​ក្បែរ​នោះ​ផង​ដែរ​។

នៅ​លើ​បណ្តោយ​យ​ផ្លូវ​ម៉ៅ សេ​ទុង​ដដែល​នៅ​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង ឥន្ធនៈ​តេ​លា ទល់មុខ​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចម្ការមន​ក៏​មាន​មែកឈើ​មួយ​ដើម រយះ​បាក់​ធ្លាក់​មក​លើ​ដី​ផង​ដែរ តែ​មិន​បាន​សង្កត់​ទៅ​លើ​រថយន្ត ម៉ូតូ ឬ​អ្នកដំណើរ​តាម​ផ្លូវ​ឡើយ​។

តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ក៏​មាន​មែកឈើ​ចំនួន​ពី​២ ទៅ​៣​មែក បាក់​ធ្លាក់​ម​មក​លើ​ដី​ផង​ដែរ ខណៈ​ដែល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បក់​មក​យ៉ាង​ខ្លាំង​នោះ ហើយ​ក៏​មិន​បាន​បង្ក​ឲ្យ​បាក់​ធ្លាក់​ទៅ​លើ​រថយន្ត ម៉ូតូ ឬ​ក៏​ធ្វើ​ឲ្យ​អ្នកដំណើរ​តាម​ផ្លូវ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដែរ​។

ក្រោយ​ពី​មេឃ​រាំង​នៅ​រលឹម​ស្រិច​ៗ​នោះ គេ​ក៏​បានឃើញ​មាន​កម្លាំង​អាជ្ញាធរ​សង្កាត់ ខណ្ឌ ទាំង​ពីរ បាន​នាំ​គ្នា​ចុះ​ទៅ​កន្លែង ដែល​មាន​ដើមឈើ​បាក់ រលំ​នៅ​តាម​ដងផ្លូវ​ទាំងនោះ ហើយ​ក៏​បាន​នាំ​គ្នា​កាប់​យក​ចេញ​អស់​គ្មា​សល់​ភ្លាម​ៗ​មិន​ឲ្យ​មានការ​កកស្ទះ ចរាចរ ឬ​ក៏​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ឡើយ​៕ ដោយ ៖ ភី ផល