ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ប្រារព្ធ​ឡើង​នៅ​ខេត្តតាកែវ

156

ខេត្តតាកែវ ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ជា​ព្រះ​រាជប្បវេណី​ខ្មែរ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ឆ្នាំកុរ ខែ​ពិសាខ ឯកស័ក ព​.​ស ២៦៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទី​ព្រះ​ស្រែ ស្ថិត​ក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

ព្រះរាជ​ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​,​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​ផង​ដែរ​។

ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ជា​ការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ​ថា ជា​ការ​ចាប់ផ្តើម​ចូល​ដល់​រដូវវស្សា​ហើយ​។ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំ​នេះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត ឱ្យធ្វើ​ជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២ តំណាង​ព្រះ​អង្គ និង​ភរិយា ជា​ព្រះ​មេ​ហួ​។ ក្នុង​ព្រះរាជ​ពិធី​នា​ព្រឹក​នេះ ក៏​មានការ​រៀបចំ​តាំង​បង្ហាញ​នូវ​ផលិតផល​កសិផល​មក​ពី​តាម​បណ្តា​ក្រសួង និង​រាជធានី​-​ខេត្ត​ផង​ដែរ​។

សូម​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់​ចាត់ទុកជា​វប្បមង្គល​មួយ ដ៏​ប្រសើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះ​អង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀង​មក​។ ព្រះរាជ​ពិធី​នេះ​កាលពីដើម​ឡើយ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វាល​ព្រះ​មេរុ នៅ​ជិត​ព្រះ​បរមរាជវាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ព្រះរាជ​ពិធី​ត្រូវ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​រាជានុញ្ញាត ឱ្យធ្វើ​នៅ​តាម​ខេត្ត​វិញ​ម្តង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ក្នុង​ព្រះ​រាជប្បវេណី ដ៏​សំខាន់​មួយ​នេះ​។

កាលពី​ឆ្នាំ​២០១៨ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្រុង ស្វាយ​រៀង​។ កាលពី​ឆ្នាំទៅ​តាម​ការ​ផ្សង​គោ​ឧសភរាជ​ទាំង​ពីរ​ទៅ​តាម​ក្បួនច្បាប់​ប្រពៃណី ពី​បុរាណ បាន​រក​ឃើញ​ថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួល​បាន​ផល​ល្អ​ប្រសើរ ក្នុង​ស្រូវ​បាន​ប្រមាណ ៩៥​ភាគរយ​, ពោត​បាន​ប្រមាណ​៩៥​ភាគរយ និង​សណ្ដែក​បាន​ប្រមាណ​៨០​ភាគរយ ក្នុង​ចំណោម​អាហារ​ទាំង​ប្រាំពីរ​មុខ រួម​មាន ស្រូវ​,​ពោត​, ល្ង​, សណ្តែក​, ទឹក ,​ស្រា និង​ស្មៅ ដែល​ដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ​៕ ដោយ ៖ សេង សុធា