អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​នៅ​បឹង​សំរោង យំ​មិន​ចេញ​បង្ខំចិត្ត​កៀរ​ចាប់​ពូជ​ត្រី​លក់​ធ្វើ​ជា​ចំណី

192

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រកស៊ី​ចិញ្ចឹម​ត្រី​នៅ​ក្នុង​បឹង​សំរោង​រាប់រយ​នាក់ បាន​បង្ខំចិត្ត​ទាំង​ទឹកភ្នែក ចាប់​ត្រី​ដែល​នៅ​តូច​ៗ មិន​ទាន់​ប្រមូល​ផល​លក់ និង​ខ្លះ​ទៀត​កៀរ​ពូជ​ត្រី ដែល ទើប​ដាក់​ចិញ្ចឹម​យក​ទៅ លក់​ធ្វើ​ជា​ត្រី​នុយ បន្ទាប់​ពី​ពួក​គេ​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ទុក​ពេល​១​ឆ្នាំ រង់ចាំ​ប្រមូល​សិន ទើប​ឯកភាព​រុះរើ​ចេញ តែ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ដាច់​ធម៌​មេត្តា​។ ការ​ចាប់បង្ខំ​ឲ្យ​រុះរើ​ស៊ង​ចិញ្ចឹម​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទប្រកាន់​អាជ្ញាធរ​ថា ជា​អ្នក​វាយ​បំបែក​ឆ្នាំងបាយ និង​ដាច់​ធម៌​មេត្តា មិន​សមជា​ម៉ែឪ​នោះ​ទេ​។

Loading...

ម្យ៉ាងទៀត​បើសិនជា​ស្តា​របឹង​យក​ដី​ទុកជា​សម្បត្តិ​សាធារណៈ តាម​អនុ​ក្រិ​ត្យ នៅ​ពិតមែន​អាជ្ញាធរ​គួរ​មានការ​យោគយល់ និង​ទុក​ពេល តែ​នេះ​សង្ស័យ​ថា យក​ដី​បឹង​ប្រគល់​ឲ្យ​ក្រុមហ៊ុន បូម​ខ្សាច់​ដាក់​។ គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ កន្លង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រកស៊ី​ចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង ប្រមាណ​ជិត​១០០​គ្រួសារ ក្នុង​ចំណោម ប្រមាណ​ជាង​៣០០​គ្រួសារ បាន​ផ្ទុះ​ការ​វ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ទុក​ពេល​មួយ​ឆ្នាំ​ដើម្បី​ប្រមូល ត្រី​សិន ទើប​ឯកភាព​រុះរើ​ចេញ​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​រុះរើ​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​បឹង​សំរោង​ចេញ​ក្រោម​រួប​ភាព​ស្តា​របឹង​ដោយ​ទុក​រយៈពេល តែ​១០​ថ្ងៃ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ប្រមាណ​ជាង​៣០០​គ្រួសារ បាន​រស់ និង​ប្រកប​មុខ របរ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​បឹង​សំរោង​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ព្នៅ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ និង​ភូមិ​សំរោង សង្កាត់​សំរោង តាំងពី​កំឡុង ឆ្នាំ​២០០៦ មក​ម្លេះ​។ បន្ទាប់​ពី​មានការ​តវ៉ា អាជ្ញាធរ​មិន​បាន​ឯកភាព​នោះ ទេ​ដោយ​ប្រជាពលរដ្ឋ ចោទប្រកាន់​ថា អាជ្ញាធរ​ចាប់បង្ខំ​ឲ្យ​រើ​ចេញ ដោយ​ក្រោម​រួម​ភាព​បង្ហូរទឹក​ចេញ និង​ដោះស្រាយ​គោលនយោបាយ​។ ចាប់តាំងពី​ពេល​នោះ​មក ប្រជាពលរដ្ឋ ក៏​បាន​សុខចិត្ត​ទទួលយក គោលនយោបាយ និង​ចាប់​ត្រី​ដែល​នៅ​តូច​ៗ​លក់​រុះរើ​ស៊ង​ចេញ​ទាំង​ទឹកភ្នែក និង​ខ្លះ​ទៀត​ក៏​បាន​កៀរ​កូន ត្រី​ពូជ​ន៍​លក់​ធ្វើ​ជា​ត្រី​លុយ​វិញ​ព្រោះ​មិន​អាច​យក​លក់​ទីផ្សារ​បាន​។

តាម​ស្ត្រី​ឈ្មោះ ជី​ន វណ្ណ​នី អាយុ​៣៥​ឆ្នាំ ជា​អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​រស់នៅ​ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ​២០១៩​នេះ គាត់​គ្មាន​ជម្រើស​នោះ​ទេ បាន​បង្ខំចិត្ត​កៀរ​ត្រី​ពូជ​លក់​ធ្វើ​ជា​ត្រី​នុយ បន្ទាប់​ពី​អាជ្ញាធរ​គ្មាន​មេត្តា បង្ខំ​ឲ្យ​រុះ​រើស​ដោយ​មិន​ទុក​ពេល​តាម​ការ​ស្នើ​សុំ​។ លោកស្រី​បាន​បន្ត ទាំង​ទឹកមុខ​ស្រ​ងូ​ត្រ​ងាត់​នៅ​មុខ​គំនរ​ត្រី​ស្អុយ​ថា គាត់​មាន​ស៊ង​ចិញ្ចឹម​ត្រី​ចំនួន​៦ ក្នុង​ស៊ង​នីមួយ​ៗ ដាក់​ចិញ្ចឹម​កូន​ត្រី​ឡាប​យ៉ា​ប្រមាណ​៧​ម៉ឺន​ទៅ​១០​ម៉ឺន​កូន ទើបតែ​ចិញ្ចឹម ស្រាប់តែ​អាជ្ញាធរ​ជួន​ដំណឹង​ឲ្យ​គាត់​រុះរើ​ស៊ង​ចេញ​ដើម្បី​ស្តា​របឹង ហើយ គាត់​ក៏​ដូច​ជា​អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​ទាំងអស់​ក៏​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​ទុក​រយៈពេល​១​ឆ្នាំ តែ​អាជ្ញាធរ​មិន​ព្រម​ហើយ ថែម​ទាំង​បង្ហូ​ទឹក​ចេញ​ធ្វើ​ឲ្យ​គាត់​អត់​ជម្រើស​ក៏​បាន​កៀរ​កូន​ត្រី​ពូជ​លក់​ធ្វើ​ជា​ត្រី​នុយ​។

លោកស្រី ជី​ន វណ្ណ​នី បាន​បន្ត​ទៀត​ថា កូន​ត្រី​ឡាប​យ៉ា​ពូ​ជន ក្នុង​១​ក្បាល ៥០​រៀល ក្នុង​ស៊ង​មួយ ដែល​ដាក់​កូន​ត្រី​១០​ម៉ឺន​កូន ពេល​នេះ​កៀរ​ធ្វើ​ជា​ត្រី​នុយ បាន​ប្រមាណ​តែ​៥០០​គីឡូក្រាម​លក់​ក្នុង​តម្លៃ​១​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម បាន​ប្រមាណ​៥០​ម៉ឺន​រៀល ធ្វើ​ឲ្យ​ខាតបង់​៤​លាន និង​៥០​ម៉ឺន​រៀល ក្នុង​ស៊ង​នីមួយ​ៗ និង​លើ ពលកម្ម និង​ថ្លៃ​នុយ​ឲ្យ​ត្រី​ស៊ី​ទៀត យំ​មិន​ចេញ​នោះ​ទេ ដល់​ពេល​ដោះស្រាយ​ស៊ង​មួយ​ឲ្យ​តែ ១​លាន​ទៅ​២​លាន​រៀល ហើយ​បូមទឹក​បង្ហូរ​ចេញពី​បឹង​បង្ខំ​ឲ្យ​រើ​ចេញ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​ប៉ុន្មាន​ខែ​នេះ​ប្រជា​ព​រដ្ឋ​រកស៊ី​ចិញ្ចឹម​ត្រី បាន​នាំ​គ្នា​ចាប់​ត្រី និង​រុះរើ​ស៊ង​ចេញពី​បឹង​សំរោង​ទឹកភ្នែក និង​យំ​មិន​ចេញ ដែល​ខ្លះ​បាន​ទទួល និង​មិន​ទទួលយក​គោលនយោបាយ និង​ខ្លះ​ទៀត​នៅ​ក្រាញននៀល​បន្ត​ចិញ្ចឹម​ត្រី​ដើម្បី​ឲ្យ​ធំ​តែ​អាជ្ញាធរ​គ្មាន​មេត្តា​បង្ហូរទឹក​ចេញ​អស់​។

តាម​សេចក្តី​ជួន​ដំណឹង របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ផ្ទៃ​បឹង​សំរោង ទំហំ​៣៣៦​ហិ​កតា ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ហើយ​ការ​ស្តា​របឹង ដើម្បី​ថែរក្សា​មុខងារ​បឹង ជា​អាង​ស្តុ​ប​ទឹក​ដែល​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ជាន់​លិច​មួយ​ភាគ​ពី​រាជធានី​ភ្នំពេញ និង​មួយ​ភាគ​ពី​បណ្តាល​ខេត្ត នានា​។ ទោះបីជា​យ៉ាងណា ស្ថានភាព​ជាកស្តែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា ជា​រូបភាព​តែ​ប៉ុណ្ណោះ ហើយ​ពេល​នោះ​អាជ្ញាធរ បាន​លើក​ជា​ទំនប់​ព័ទ្ធ​ព្រំ​ដី មិន​អាច​ជា​អាង​ស្តុ​ប​ទឹក​ទៀត​ទេ?។

ទោះបីជា​យ៉ាង ណា តាម​សេចក្តីជូនដំណឹង​ថ្មី​ទៀត​របស់​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ធ្វើការ​ដោះស្រាយ គោលនយោបាយ​នៃ​ផល​ប៉ះពាល់ ពី​ការ​រុះរើ​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្តបាន​ចំនួន​១៥៤​គ្រួសារ​ស្មើ​២៤៦​ស៊ង ព្រមទាំង​បាន​ចំណាយ​ថវិកា​ដោះស្រាយ​ផល​ប៉ះពាល់​សរុប​ចំនួន​ជា​ទឹកប្រាក់​ចំនួន ៣៦៥,៩០០ ,០០០​រៀល​ផង​ដែរ​។ ទាក់ទិន​ការ​ចោទប្រកាន់​នេះ​កោះសន្តិភាព បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​លោក ហួត លាភ​ពិសិដ្ឋ អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ ដែល​ទទួល​បន្ទុក​ក្នុង​ការ​ដោះស្រាយ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា នេះ ដើម្បី​បំភ្លឺ​តែ​លោក​ពុំ​លើក​ទូរស័ព្ទ​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា