ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​កសាង​ធារាសាស្ត្រ​មួយ​កន្លែង សម្រាប់​ស្ទាក់​ទឹកស្ទឹង​ជ្រៃ​បាក់

75

ខេត្តកំពង់ឆ្នាំង ៖ កាលពី​ពេល​កន្លង​ទៅ​សារព័ត៌មាន​កោះសន្តិភាព ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ពួក​គាត់​បាន​សំណូមពរ ដល់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ជំនាញ រួម​ទាំង​ក្រុមការងារ​ដែល​បាន​ចុះ​ជួយ​ខេត្ត កំពង់ឆ្នាំង ដើម្បី​សុំ​បាន​ធារាសាស្ត្រ​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដើម្បី​ស្ទាក់​ទឹក​យក​ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវប្រាំង​ប្រមាណ​ជាង ៤០០​ហិ​កតា​។

Loading...

ហើយដោយ​សារ​តែ ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​នេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ ធារាសាស្ត្រ​មួយ​កន្លែង នៅ​ក្នុង​ស្ទឹង​ជ្រៃ​បាក់​នេះ ដើម្បី​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​របស់​ប្រជាពលរដ្ឋ​។ លោក ប៊ុ​ន ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ ធារាសាស្ត្រ ដែល​ជា​សំណង់​រឹង​មាំ កំពុង​តែ​សាងសង់​នេះ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ហើយ​អភិវឌ្ឍ​គម្រោង​សាងសង់ ដោយ​ក្រសួង មន្ទីរ​ធនធានទឹក និង​ឧតុនិយម​។ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការ​លំបាក ខ្វះខាត​ទឹកជា​រៀង​រាល់​ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា កន្លង​ទៅ​រាល់​ឆ្នាំ ខាង​មន្ទីរ បាន​ជួយ​ដូច​កៅស៊ូ​ប្លា​ស្ទីក និង​ដី​ជាដើម​សម្រាប់​ទប់ទឹក​ស្ទឹង បញ្ច្រាស​ឡើង​ចូល​ប្រឡាយ​មេ តែ​ឆ្នាំ​នេះ​ពួក​គាត់​បាន​សំណង់ រឹង​ហើយ​។ ដោយឡែក លោក អ៊ូច គា​ឡឹ​ង ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹកស្ទឹង​ជ្រៃ​បាក់ និង ជា​អនុប្រធាន​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នា​ក់កោះ​សន្តិភាព ថា​៖ កន្លង​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​យក​ទឹក​ចេញពី​ជ្រៃ​បាក់ ដើម្បី​បង្ហូរ​ចូល ប្រឡាយ​មេ ទម្លាក់​ជួយ​ស្រោចស្រព​លើ​ផ្ទៃដី​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ ក្នុង​ឃុំ​ជ្រៃ​បាក់ ដែល​មាន​ប៉ុន្មាន​ជាង ៤០០​ហិ​កតា​។

ហើយ​កាលនោះ ពួក​គាត់​តែងតែ​សហការ​គ្នា​ទិញ បង្គោល​យក​មក​បោះ​ជា​ធ្នួ​ស ទិញ​កា​រ៉ុ​ង ទិញ​បាវ ច្រក​ដី យក​ទៅ​ទប់ទឹក ស្ទឹង​ដើម្បី​ស្ទាក់​ទឹក​បង្វែរ​ចូល ប្រឡាយ​មេ​។ ប៉ុន្តែ​សម្ភារ​ទាំងនេះ​មិន​អាច​គង់វង្ស​បាន​យូរអង្វែង​នោះ​ទេ គឺ​១​ឆ្នាំ​ខូច​អស់ហើយ ត្រូវ​ទិញ​ធ្វើ​សារ​ថ្មី​ទៀត​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​កន្លង​ទៅ​ពួក​គាត់​ក៏​បាន​សំណូមពរ​តាម រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង សំណូម​ដោយ​ផ្ទាល់​ផង ទើប​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល តាម​រយៈ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល និង​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង បាន​ផ្ដល់​នូវ​ទំនប់​ធារាសាស្ត្រ ស្ទាក់​ទឹក​មួយ​កន្លែង នៅ​ស្ទឹង​ជ្រៃ​បាក់​នេះ។

តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​នាម​គាត់​ជា​ប្រធាន​សហគមន៍ និង​ជា​អនុប្រធាន​ភូមិ​ជ្រៃ​បាក់ គាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​លើ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ តាម​ការ​បញ្ជាក់​ពី​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​សាងសង់​ទំនប់​ធារាសាស្ត្រ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា ធារាសាស្ត្រ​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​បំណាច់​ខែកក្កដា​ខាង​មុខ​នេះ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន