គោលដៅ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​គឺ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ

78

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តសៀមរាប បាន​រៀបចំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្តសៀមរាប ក្រោម​កិច្ច​ដឹកនាំ​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈ​បញ្ជាការ ឯកភាព​រដ្ឋបាល​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ អយ្យការ​អម​សាលាដំបូង មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក​ផង​ដែរ​។

Loading...

ក្នុង​នោះ​លោក ទៀ សីហា អភិបាលខេត្ត និង​ជា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​បើក​កិច្ចប្រជុំ និង​ដាក់​នូវ​របៀបវារៈ​កិច្ចប្រជុំ​រួច​មក ក្នុង​កិច្ចប្រជុំ​នេះ ដោយ​ផ្តោត​ទៅ​លើ​កត្តា​សំខាន់ ក្នុង​ការ​យកចិត្តទុកដាក់ ពង្រឹង​បន្ថែម​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រៈ​ក្នុង​ខេត្ត , ការ​រៀបចំ​នូវ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស តាំង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក នា​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​, បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ​សន្តិសុខ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។

បន្ទាប់​ពី​កងឯកភាព​ធ្វើ​សេចក្តីរាយការណ៍ អំពី​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការ​រៀបចំ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របស់​អង្គភាព​ប្រដាប់​អាវុធ​ទាំង​បី និង​សេចក្តី​រាយ​ការ​របស់​អស់លោក លោកស្រី ជា​ប្រធាន គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក កត្តា​សំខាន់​ផ្តោត​លើ​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ នា​ថ្ងៃ​ខាង​មុខ​នេះ​។ ឆ្លង​តាម​កិច្ច​ពិភាក្សា​នៃ​កិច្ចប្រជុំ​នោះ មាន​ប្រសាសន៍ បូក​សរុប​នោះ លោក ទៀ សីហា ក៏​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ពី​របាយការណ៍​តាម​បណ្តា​កងឯកភាព គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ក្រុង ស្រុក ដែល​បាន​លើក​ឡើង​ផង​ដែរ​។

ក្នុង​នោះ​ដែរ​លោក ក៏​បាន​ដាក់​នូវ​បទបញ្ជា និង​វិធានការ​មួយ​ចំនួន ដល់​គ្រប់​សមត្ថកិច្ច​នៃ​កងកម្លាំងប្រដាប់អាវុធ និង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ស្រុក ក្នុង​ការ​គ្រប់គ្រង​នូវ​រាល់​សភាពការណ៍ ដែល​កើត​មាន​ឡើង​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប ក្នុង​ការ​បញ្ចៀស​នូវ​រាល់​បាតុភាព​ផ្សេង​ៗ នៅ​តាម​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​ធ្វើការ​ជំ​ញ​លើ​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ក្នុង​ធានា​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ សំខាន់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។

លោក​ក៏​សូម​ឲ្យ​គ្រប់​កងឯកភាព និង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក គឺ​ត្រូវ​យកចិត្ត​ទុក និង​ពង្រឹង​បន្ថែម​នូវ​ការងារ​សន្តិសុខ​ទូ​ទាំង​ខេត្ត ជា​ពិសេស​ចលនា​សង្គ្រោះ​ជាតិ ដែល​ញុះញង់​បង្ក​អ​សន្តិភាព​ដល់​សង្គម​ជាតិ ដំណើរការ​លទ្ធិ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង រៀបចំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​នូវ រាល់​ព័ត៌មាន​បំពុលសង្គម តាម​គេហទំព័រ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត និង​ពង្រឹង​ឲ្យ​ខាង​តែ​បាន​លើ​ការងារ​សន្តិសុខ​នៅ​តាម​ទី ប្រជុំជន និង ទីកន្លែង​សក្ការៈបូជា ដែល​ជា​គោលដៅ​របស់​ក្រុម​ជន​សង្គម​ងងឹត​ធ្វើ​សកម្មភាព បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សង្គម​។

ម្យ៉ាងទៀត​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អំពី​ធន​ធាប​ធម្មជាតិ​នៅ​ភ្នំ​គូ​លេ​ន និង​បឹង​ទន្លេសាប ព្រមទាំង លើក​នូវ​ទិស​ដៅ​ការ​ដាំ​កូន​ឈើ នៅ​ភ្នំ​គូ​លេ​ន ស្រុក​ស្វាយ​លើ ដោយ​មន្ទីរ​បរិស្ថាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក កំណត់​ទីតាំង​ដាំ​កូន​ឈើ​នៅ​ខែ​ខាង​មុខ​នេះ​។ ក្នុង​នោះ​លោក បាន​សង្កត់ធ្ងន់ ចំពោះ​បញ្ហា​គ្រឿងញៀន គឺ​ត្រូវ​កំណត់​មុខសញ្ញា​អ្នក​ញៀន នឹង​ក្លាយទៅជា​អ្នក​ធ្វើ​សកម្មភាព ក្នុង​ការ​ជួញ​គ្រឿងញៀន និង ត្រូវ​មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក្នុង​ការ​កំណត់​ឲ្យ​បាន​នូវ​មុខសញ្ញា និង​ត្រូវ​ប្រឆាំង​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន ចំពោះ​ក្រុម​ធ្វើ​បដិវត្ត​ពណ៌​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​កើតឡើង​ពី​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​។

លោក​ក៏​បាន​បញ្ជាក់​ថា គ្រប់​បណ្តា​ក្រុង ស្រុក ត្រូវ​អនុវត្ត​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ម៉ឹង​ម៉ាត់ និង​មាន​កិច្ចសហការ​គ្នា​ឲ្យ​បាន​ល្អ រវាង​ស្រុក ខេត្ត ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន និង​ត្រូវ​យកចិត្តទុកដាក់​សុខភាព សុវត្ថិភាព សន្តិសុខ​ចំពោះ​បងប្អូន​ជា​អង្គ​បោះ​ឆ្នោត គ្រប់​បណ្តា​ឃុំ សង្កាត់​ឲ្យ​បាន​ល្អ រហូត​ដល់​ការ​បោះ​ឆ្នោត​អ​សកល​នៅ​ថ្ងៃ​ខាង​មុខ​នេះ​៕ ដោយ ៖ ច័ន្ទ រស្មី