ខេត្តព្រៃវែង ៖ សាលាបឋមសិក្សា ចាងណាង មានទីតាំងស្ថិតនៅទីជនបទដាច់ស្រយាលក្នុងភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សព្វថ្ងៃនេះសាលាខាងលើជួបនូវការខ្វះខាតយ៉ាងខ្លាំង សូម្បីតែលទ្ធភាពដើម្បី ជួសជុលអគារថ្នាក់រៀន និងបណ្ណាល័យសម្រាប់ទុកដាក់សៀវភៅឯកសារ និងសម្ភារសិក្សាផ្សេងៗជាច្រើនទៀត ក៏គ្មានផង។

អគារសិក្សា និងបណ្ណាល័យដែលមាននៅទីនោះស្រាប់ មានសភាពចាស់ទ្រុឌទ្រោមទៅហើយ ប៉ុន្តែក្នុងពេលកន្លងមកតាមរយៈសកម្មភាពនៃការអំពាវនាវរបស់លោកនាយកសាលា ក៏មានសប្បុរសជន នានាជាពិសេសលោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែង បានជួយឧបត្ថម្ភក្នុងការជួសជុលអគារសិក្សា បានខ្លះហើយដែរ។ ប៉ុន្តែទោះបីជាបែបណានៅមិនទាន់បំពេញតាមតម្រូវការនៃការខ្វះខាតនៅឡើយ រហូតមកទល់នឹងពេលនេះសាលាត្រូវការកសាងរបងព័ទ្ធជុំវិញ ដែលតាមគម្រោងត្រូវចំណាយប្រាក់អស់ ជាង៤លានរៀល។

លោក កែវ សុវណ្ណា ដែលជានាយកសាលាខាងលើបានឲ្យដឹងថា សាលាបឋមសិក្សា ចាង ណាង កំពុងត្រូវការជាចាំបាច់នូវរបងព័ទ្ធជុំវិញសាលាទាំងមូល កន្លងមកសាលាបានសាង សង់បានខ្លះហើយ ប៉ុន្តែនៅសល់មួយចំនួនទៀតពុំមានលទ្ធភាពធ្វើបន្ត។ ដោយឡែករបងដែលត្រូវសាងសង់នោះគឺ ពុំមែនសង់ពីថ្មរឹងមាំតម្លៃថ្លៃឡើយ គឺដាំបង្គោលថ្មបាំងសំណាញ់ដែកប៉ុណ្ណោះ ហើយបើតាមគម្រោងដែលត្រូវ សាងសង់បង្ហើយ គឺបណ្ដោយប្រវែង៧១ម៉ែត្រ និងទទឹងប្រវែង៥៣ម៉ែត្រ សរុបប្រវែង១២៤ម៉ែត្រ។ លោកនាយកបានបន្តថា ប្រវែងនេះត្រូវប្រើបង្គោលថ្មចំនួន៧៧ដើម១,៩២៥,០០០រៀល សំណាញ់ដែក ទម្ងន់៣៥០គីឡូក្រាម ថ្លៃ១,៤០០,០០០រៀល។

ថ្មអងដឺ២ម៉ែត្រគូបថ្លៃ១៨០,០០០រៀល ខ្សាច់២ម៉ែត្រគូប ថ្លៃ៧០,០០០រៀល ស៊ីម៉ង់ត៍១០បាវថ្លៃ២១០,០០០រៀល ឈ្នួលជាង៥០០,០០០រៀល សរុបត្រូវចំណាយអស់៤,២៨៥,០០០រៀល។ ពេលនេះលោកសូមអំពាវនាវដល់សប្បុរសជននានា សូមជួយឧបត្ថម្ភគាំទ្រដល់គម្រោងនេះផង ទោះបីជាជួយជាថវិកា ឬសម្ភារសំណង់ក្ដី ធ្វើយ៉ាងណាអាចកសាងរបងបានតាមបំណងដើម្បីការពារផលប្រយោជន៍សាលាមួយនេះ។

លោកបន្តថា ដើម្បីតម្រូវការជាក់ស្ដែងខាងលើនោះហើយដោយសាលាគ្មានលទ្ធភាពដើម្បីសម្រេចគោលដៅដោយខ្លួនឯងបានទើបពេលនេះរូបលោកផ្ទាល់ដែលជានាយកសាលា រួមជាមួយលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋដែលមានកូនចៅ កំពុងសិក្សារៀនសូត្រនៅក្នុងសាលានោះ បានសម្រេចចិត្តស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជននានាឲ្យជួយ ក្នុងការជួសជុលបណ្ណាល័យសម្រាប់ប្រយោជន៍សាលាមួយនេះផង៕ ដោយ ៖ យន់ ស៊ីថា




