ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន

44

ខេត្តបាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ យោង​តាម​របាយការណ៍​បឋម​របស់ មន្ត្រី​ជំនាញ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ធី វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​,​សង្កាត់​ខាងលើ​។

Loading...

ជន​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន​នៅ​ពេល កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង ហើយ​ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​បាន​ដកហូត​នូវ​វត្ថុ​តាង ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។ បើ​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​អធិការ ក្រុង​បាត់ដំបង ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស ដែល​គេ​សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់ មាន​ទម្ងន់​៨,៤០​ក្រាម​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១, ដាវ​សា​មូ​រ៉ៃ​១​ដើម និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

ពាក់ព័ន្ធ​នឹង​វត្ថុ​តាង​ខាងលើ​នេះ បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​បាន​ឆ្លើយ​ទ​ទូល​ខុស​ត្រូវ​ចំពោះ​ថ្នាំ​ញៀន​ទាំងនោះ​ហើយ ដោយសារ​ភាព​ថា វត្ថុ​តាង​ទាំងនោះ​ពិតជា របស់​ខ្លួន​មែន​។ ដូចនេះ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ដោយ ៖ ឆោម ពិសម័យ