ប្រមាថ​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ តាម​ហ្វេ​ស​ប៊ុ​ក​ទីបំផុត​ដេក​គុក

116

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ចាប់ខ្លួន​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ គឹ​ម បញ្ញា (Kim Panha) បន្ទាប់​ពី​បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ប្រទេស នៅ​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩​។

Loading...

បើ​តាម​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ២០១៩​នេះ​ថា ក្រោយ​ពី​មាន​ម្ចាស់​គណនី​ឈ្មោះ គឹ​ម បញ្ញា បាន​បង្ហោះ​នូវ​សារ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូល សមត្ថកិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ រហូត​រក​ឃើញ​ជនសង្ស័យ​នៅ​ចំណុច ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​។ សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត ក្រុង​បា​វិត ដើម្បី​ឲ្យ​ជនសង្ស័យ​បំភ្លឺ​ករណី​ខាងលើ​នេះ​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​មុខ សមត្ថកិច្ច​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ខ្លួន​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត​។ ពេល​នោះ​ខ្លួន​បាន​ទិញ​ទូរ​សព្ទ​ដៃ​១​គ្រឿង​ប្រភេទ ស្មា​ត​ហ្វូ​ន រួច​ក៏​បង្កើត​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គឹ​ម បញ្ញា (Kim Panha) ហើយ​ពេល​ដែល​ខ្លួន​បង្ហោះ​សារ លើ​ហ្វេ​ស​ប៊ុ​ក​ម្ដង​ៗ​តែងតែ​ជេរ​ព្រះមហាក្សត្រ ជេរ​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​ប្រទេស ផ្សេង​ៗ​ទៀត​ជាដើម​។ នេះ​ពិតជា​ចង់​ល្បី​ឥឡូវ​បាន​ល្បី​មែន គឺ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ សាលាដំបូង ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។

ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​នេះ​ដែរ ជនសង្ស័យ​ត្រូវ​បាន លោក​ចៅក្រម​ចេញ​ដីកា​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ម្សិលមិញ​រួច​ហើយ​ដែរ​។ សូម​បញ្ជាក់​ថា បើ​យោង​តាម ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩ ដែល​ទើបត្រូវ​បាន​វិសោធនកម្ម​ថ្មី​បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គ​ន្ថី​ទី​៤ មាត្រា​ស្ទួន ៤៣៧​ថ្មី ដោយ​បាន​ចែង​ថា «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ០១​ឆ្នាំទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​»៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន