ខេត្តសៀមរាប ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាតំណាងលោក ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយ មនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ដែលលំនៅដ្ឋានរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ចំនួន១២គ្រួសារ ដែលទទួលរងគ្រោះ។

កាលពីវេលាម៉ោង០៦ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួនបីភូមិ ក្នុងសង្កាត់ទឹកវិល ដោយរលំផ្ទះ៦ខ្នង និងរបើកដំបូលធ្ងន់ធ្ងរ ៦ខ្នង ក្នុងនោះមានភូមិ ប្រីយ៍ថ្មី ១ខ្នង , ភូមិជ្រៃ១០ខ្នង និង ភូមិបន្ទាយឈើ ១ខ្នង និងបណ្តាលឲ្យស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៦ខែ ឈ្មោះ ទា ឈឿន អាយុ៣៣ឆ្នាំ បានរងរបួសស្រាល។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះមាន ៖ ចំពោះគ្រួសារដែលរលំផ្ទះ ក្នុងមួយគ្រួសារ ទទួលបានមុង១ , ភួយ១, សារុង១, ក្រមា១, ស័ង្កសី១៦សន្លឹក , មី១កេស, ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល និង គ្រួសារ ដែលលំនៅដ្ឋានប៉ះពាល់ធ្ងន់ ក្នុងមួយគ្រួសារ ទទួលបានមុង១ ,ផួយ១ , សារុង១ , ក្រមា១ , ស័ង្កសី ១០សន្លឹក , មី១កេស, ត្រីខ១យួរ, អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

ដោយឡែកស្ត្រីមានផ្ទៃពោះ ដែលបានរងរបួស ទទួលបានឃីត១កញ្ចប់ ថវិកា២សែនរៀល ក្នុងនោះលោក ហឿក ហើត និងលោកស្រី ចៀន យ៉ុន ម្ចាស់ភោជនីយដ្ឋានគុម្ពឫស្សី បានឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះរងរបួស នូវថវិកា២លានរៀល និងមណ្ឌលសុខភាព ចំនួន ៥សែន រៀលផងដែរ។ លោកជំទាវ ទាង អេង ទៀសីហា មានប្រសាសន៍ថា ក្នុងនាមឯកឧត្តម ទៀ សីហា សូមសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយសារខ្យល់កន្ទ្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ និងរបើកដំបូលធ្ងន់ធ្ងរ ប៉ុន្តែកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋឡើយ។

ដូចពាក្យស្លោកលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល» ដែលជាក់ស្ដែងថ្ងៃនេះ ដោយទទួលបានព័ត៌មានថា មានប្រជាជនរងគ្រោះធម្មជាតិនៅបីភូមិ សង្កាត់ទឹកវិល ក្រុងសៀមរាប យើងបានបញ្ចុះក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំក្រុងសៀមរាប សង្កាត់ ចុះស្រង់នូវផលប៉ះពាល់ភ្លាមៗ ហើយនៅថ្ងៃនេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំនូវអំណោយសង្គ្រោះបន្ទាន់ ដើម្បីយកមកចែកជូនបងប្អូនផងដែរ។ លោកជំទាវ មានប្រសាសន៍ ទៀតថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនៅកណ្ដោចកណ្ដែង និងស្លាប់ដោយអត់អាហារ និងគ្មានទីជម្រកនោះឡើយ៕ ដោយ ៖ ច័ន្ទ រស្មី