ជិះ​ម៉ូតូ​ទៅ​ពឹង​ឲ្យ​គេ​ជួយ​ថតរូប​អាជ្ញាធរ​ឃាត់​មិន​ឲ្យ​ចាក់​ដី ស្រាប់តែ​ជួប​គ្រោះថ្នាក់

344

ខេត្តកំពត ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ហុងដា​សេ​១២៥ ផលិត​ឆ្នាំ​២០១០ មួយ​គ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ឡិច​ស៊ី RX-350 ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2AC-5219 បុក​ពីក្រោយ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ត្រង់​ចំណុច​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច​។ នគរ​បាក​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ពី​ជើង​ទៅ​ត្បូង​ហើយ​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស RX-350 បើក​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ជា​ជិះ​ម៉ូតូ​សន្លប់​មួយភាំង​។

Loading...

តែ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​មានចិត្ត​ធម៌​បាន​ឈប់​រថយន្ត ហើយ​លើក​ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​កំពត​។ ទាំង​ការ​ថែ​មើល​សម្រាក​ព្យាបាល និង​ជួសជុល​ម៉ូតូ គឺ​ម្ចាស់​រថយន្ត​ជា​អ្នក​ចេញថ្លៃ​ទាំងអស់​។ គេ​ចាត់​ទុក​ថា​អ្នកបើកបរ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ ពិតជា​មានចិត្ត​ធម៌​មែន ហាន​ទទួលខុសត្រូវ ហើយ​ក៏​ជា​គម្រូ​មួយ​ដ៏​ល្អ​ផង​ដែរ​។ ស៊ូ​លី​ជា​ជន​រង​គ្រោះ​បាន​និយាយ​ថា ខ្លួន​បាន​ខឹង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ពេល​ដែល​គាត់​ជួល គ្រឿងចក្រ មក​ឈួ​ស​ដី​ពង្រីក​ផ្លូវ​ចូល​ទៅ​ផ្ទះ​ស្រាប់តែ​មាន​មេឃុំ និង​ប៉ូលិស​មក​ហាមឃាត់​គាត់​ទៅ​វិញ​។

ទើប​គាត់​ខឹង​ហើយ​ជិះ​ម៉ូតូ​ទៅ​ហៅ​អ្នក​ថតរូប​ឲ្យ​មក​ថត​អាជ្ញាធរ​ស្រាប់តែ​ត្រឡប់​មក​វិញ​ជួប​គ្រោះ​បែប​នេះ​ម្ដង​ទៅ​។ ស៊ូ​លី​និយាយ​ថា ដី​នៅ​ជាប់​សំយាបផ្ទះ​គាត់​នេះ​មិន​មាន​ប្លង់​កាន់កាប់​ទេ តែ​គាត់​បាន​ស្ទូងស្រូវ តាំងពី​ឆ្នាំ​1979​រហូត​មក​ដល់​សព្វថ្ងៃ​។ អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ដី​នៅ​ក្បែ​ផ្ទះ​ស៊ូ​លី​ជា​របស់​រដ្ឋ មិន​អាច​អ្នក​ណា​កាន់កាប់​បាន​ទេ​៕ ដោយ ៖ កែវ ឆាត