ការិយាល័យ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ទាំង​២០៣ បើក​ដំណើរការ​ដោយ​គ្មាន​ការ​រាំងស្ទះ

84

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប អះអាង​ថា ការិយាល័យ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ទាំង​២០៣ បាន​បើក​ដំណើរការ​ដោយ​គ្មាន​ការ​រាំងស្ទះ នោះ​ឡើយ ខណៈ​សម្ភារ និង​ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​បាន​ទៅ​ដល់​ការិយាល័យ បោះ​ឆ្នោត នៅ​ព្រឹក​ពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​បាន​បើកទ្វារ​នៅ​ម៉ោង​៧ និង​០០​នាទី​។

Loading...

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គជ​ប បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ការិយាល័យ បម្រើ​ឲ្យ​ការ​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​ការិយាល័យ​បោះ​ឆ្នោត ទាំង​២០៣ នៅ​ទូ​ទាំង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ ការិយាល័យ​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​ទាំងអស់ បាន​បើក​ដំណើរការ​ចាប់តាំងពីរ​ម៉ោង​៧​ព្រឹក ខណៈ​ដំណើរការ​បោះ​ឆ្នោត​អ​សកល​នេះ​បញ្ចប់​នៅ​ត្រឹម​ម៉ោង​៣​រសៀល ក្នុង​ថ្ងៃ​ដដែល​នេះ​។

លោក បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ល្ងាច នៃ​ថ្ងៃ​បោះ​ឆ្នោត​នេះ ហើយ​លទ្ធផល​បណ្តោះអាសន្ន​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ចំណែក​ឯក លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​ក្រោយ​១៤​ថ្ងៃ នៃ​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​កា​បាន​បញ្ជាក់​ថា ការិយាល័យ​បោះ​ឆ្នោត​ទាំង​១៤​នៅ ក្នុង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ទៅ​ដោយ​រលូន និង​មាន​សន្តិសុខ និង​សុវត្ថិភាព បើ​ទោះបី​ការ​បោះ​ឆ្នោត​នេះ មិន​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏​ដោយ​។

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ជា​ការ​បោះ​ឆ្នោត​អ​សកល​ដែល​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ក្នុង​មុខ​តំណែង​ជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​២​ប្រភេទ គឺ​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​។ ការ​បោះ​ឆ្នោត​នេះ មានការ​ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​សល ដោយ​អ្នកបោះឆ្នោត​ម្នាក់​ៗ ត្រូវ​បោះ​ឆ្នោត​ពីរ​សន្លឹក ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយ​ៗ និង​មាន​ហិប​ឆ្នោត​ចំនួន​ពីរ ដែល​សន្លឹក​ឆ្នោត​ទី​១ មាន​ពណ៌​លឿង ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ និង​សន្លឹក​ឆ្នោត​ទី​២ ដែល​មាន​ពណ៌​ស ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ​ផ្សេង​ទៀត​។

គណបក្ស​នយោបាយ​ដែល​ចូលរួម ក្នុង​ការ​ប្រកួតប្រជែង​នេះ​មាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ គ​.​ជ​.​ប បាន​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំងនេះ ចូលរួម​ប្រកួត​ដណ្តើម​យក​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ដែល​សរុប​ចំនួន​៥៥៩​រូប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​ចំនួន​៣.៥៥៥​រូប ក្នុង​ចំណោម​អង្គ​បោះ ឆ្នោត​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​មុខ​តំណែង​បច្ចុប្បន្ន​សរុប​១១.៥៧២​នាក់​៕ ដោយ ៖ ស​.​សុខុម