សង្វៀន​អន្តរជាតិ​ថ្មី​សន្លាង ត្រូវ​បាន​ប្រកាស​ឡើង

61

រាជធានី​ភ្នំពេញ ៖ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ឬ SEATV បាន​ប្រកាស​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​ថ្មី​សន្លាង កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៩​នេះ ដោយ​ជ្រើស​យក​ការ​ប្រកួត​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​។ វត្តមាន​សង្វៀន​អន្តរជាតិ​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ឡើង បន្ទាប់​ពី​សង្វៀន​អន្តរជាតិ​ចំនួន​៣ ដែល​បាន​ធ្វើ​ឡើង​នៅ SEATV ទទួល​បាន​ជោគជ័យ​។

Loading...

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​បញ្ជាក់​ថា ដោយសារ​តែ​លោក​មើលឃើញ​ពី​ការ​ឈាន​ឡើង​នៃ​វិស័យ​ប្រដាល់ អន្តរជាតិ ជា​ពិសេស​គឺ​ការ​ប្រកួតរ​វា​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ទើប​លោក និង​ភាគី​ស្ព​ន​ស័​រ សម្រេច​ចាប់ដៃ​គ្នា បើក​ការ​ប្រកួត​មួយទៀត នៅ​រាល់​ល្ងាច​ថ្ងៃអាទិត្យ ដើម្បី​លើក​ស្ទួយ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​។ សង្វៀន​ថ្មី​នេះ នឹង​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​កម្ពុជា​ជា​ជើង​ខ្លាំង​២​រូប និង​កីឡាករ​បរទេស​២​រូប ប៉ះ​គ្នា​ជា​លក្ខណៈ​ប្រកួត​មិត្តភាព​។

សង្វៀន​នេះ ប្រកាស​លេច​រូបរាង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២ មិថុនា តទៅ ដោយ​លោក​រំពឹង​ថា នឹង​ក្លាយជា​សង្វៀន​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​កម្ពុជា​ច្រើន​ឡើង​បាន​ប្រកួត​ប៉ះ​គ្នា​ជាមួយ​បរទេស​។ លោក​ក៏​រំពឹង​ថា វត្តមាន​របស់​សង្វៀន​នេះ គឺ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​របស់​កីឡាករ​កម្ពុជា កាន់តែ​មានការ​ឈាន​ឡើង​ផង​ដែរ ខណៈ​ដែល​លោក​ទទូច​ឲ្យ​កីឡាករ​កម្ពុជា​បង្កើន​សមត្ថភាព​ឲ្យ​បាន​ល្អ ដើម្បី​រក្សា​ក្រេ​ឌី​ត បាន​ឡើង​ប្រកួត​អន្តរជាតិ​។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា បាន​ទទូច​ឲ្យ​កីឡាករ​កម្ពុជា បង្កើន​សមត្ថភាព​ជាង​មុន ដើម្បី​ឲ្យ​កាន់តែ​មាន​ទីផ្សារ​សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​លើ​សង្វៀន​នីមួយ​ៗ​។ លោក​ថា កម្ពុជា ជា​ពិសេស​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ត្រូវ​តែ​ធ្វើ​ជា​គំរូ​សម្រាប់​ការ​ដាក់​ពិន្ទុ ដោយ​កុំ​ប្រកាន់​ថា​កីឡាករ​កម្ពុជា ត្រូវ​តែ​កាន់ជើង​៕ ដោយ ៖ ផាត់ ដា​រា​រដ្ឋ