កម្លាំង​ចម្រុះ​ចុះ​ឆែកឆេរ​ពិនិត្យ​ទីតាំង​ផលិត​ចាហួយ និង​ភេសជ្ជៈ​ដ៏​ធំ​មួយ​កន្លែង

447

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​បើក​ការ​ចុះ​ឆែកឆេរ ពិនិត្យ​ទីតាំង​ឧស្សាហកម្ម​ផលិត​ចាហួយ និង​គ្រឿង​ភេសជ្ជៈ​ជា​លក្ខណៈ ទឹកកក​ព្រិល​ច្រក​ក្នុង​កញ្ចប់​ដ៏​ធំ​មួយ​កន្លែង​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

Loading...

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នេះ គឺ​ដើម្បី​ពិនិត្យ​មើលទៅ​លើ​គុណភាព​ទំនិញ​ទាំងអស់​ដែល​មាន​ក្នុង​ទីតាំង ដើម្បី​ធានា​បាន​ថា ទំនិញ​ទាំង​អស់នោះ​ជា​ទំនិញ​ចំណីអាហារ​ដែល​ពុំ​មាន​សារធាតុ​គីមី និង​ផល​ប៉ះពាល់​ដល់​អ្នក​បរិភោគ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ចុះ​មក​ពេល​នេះ​ក៏​ដើម្បី​ពិនិត្យ​មើលទៅ​លើ​ច្បាប់ទម្លាប់​អាជីវកម្ម នៃ​ទីតាំង​ខាងលើ​ផង​ដែរ ថា​តើ​ទីតាំង​នេះ​មានការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​ត្រឹមត្រូវ ពី​បណ្តា​មន្ទីរ ក្រសួង​ពាក់ព័ន្ធ ឬ​យ៉ាងណា?

ជា​លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ កម្លាំង​គណៈកម្មាធិការ បាន​សម្រេច​ដកហូត​មុខទំនិញ​ចំណីអាហារ​នីមួយ​ៗ មួយ​មុខ​បន្តិច​ៗ ដើម្បី​មន្ត្រី​ជំនាញ​យក​ធ្វើ​ជា​គំរូ ទៅ​មន្ទីរពិសោធន៍​ដើម្បី​ពិនិត្យ​រកសារ​ធាតុគីមី​ខុសច្បាប់ និង​សារធាតុ​លាយឡំ​ដែល​បាន​ហាមឃាត់ ផ្សេង​ៗ​ជាដើម​។ ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ខាងលើ​នេះ ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃខែ​ដដែល ដោយ​ក្នុង​នោះ កម្លាំង​គណៈកម្មាធិការ​ពុំ​បាន​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់​ឡើយ ហើយ​ក៏​ពុំ​មាន​ប្រភព​ណាមួយ​អះអាង​ឲ្យ​ដឹង​ថា ទីតាំង​ខាងលើ​នេះ មានច្បាប់​ទម្លាប់​អាជីវកម្ម​ត្រឹមត្រូវ ពី​បណ្តា​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ ឬ​យ៉ាងណា​នោះ​ទេ​៕ ដោយ ៖ ម៉​ម លី​ហេង