បិទ​ទីតាំង​ផ្ទះ​២​ល្វែង និង​នាំ​ខ្លួន​ម្ចាស់​ទៅ​សួរនាំ​នៅ​ស្នងការ​ផង​ដែរ

556

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច មក​ពី​ក្រសួង ,​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​, មន្ត្រី​កាំកុងត្រូល​, កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​សម្របសម្រួល​ដោយ​លោក ថេ​ង សំណាង ព្រះ​រា​ជ្ញ​អាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ឆែកឆេរ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​១ ដែល​ផលិត​ផ្តាច់មុខ​នៅ​ភ្នំពេញ ដែល​ជា​ប្រភេទ​នំ​កូន​ក្មេង​។

Loading...

ព្រមទាំង​នាំ​ខ្លួន​ម្ចាស់​ទីតាំង យក​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត និង​បិទ​ឃ្លុំបេ​ទីតាំង​ផ្ទះ​ទាំង​២​ល្វែង​ជា​បណ្តោះអាសន្ន​នោះ​ផង​ដែរ​។ ហេតុការណ៍​បិទ​ទីតាំង​ផ្ទះ​ទាំង​២​ល្វែង​ជា​បណ្តោះអាសន្ន​នោះ​បាន​ធ្វើ​ឡើង​ចាប់ពី​វេលា​ម៉ោង​១១ ព្រឹក​រហូត​ដល់​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​បរិវេណ​ក្នុង​ផ្សារ​បុរី​សៀង​ណាំ​១ ក្នុងភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​លួច​បង្ហើប​ប្រាប់​នៅ​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា ដោយ​មាន​ពាក្យបណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ដើម ដែល​ផលិត​នំ កូន​ក្មេង​ផ្តាច់មុខ​នៅ​ភ្នំពេញ ដែល​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ ទើប​កម្លាំង​ចម្រុះ​រួម​មាន ដែល​ដឹកនាំ សម្របសម្រួល​ដោយ លោក ថេ​ង សំណាង ព្រះ​រា​ជ្ញ​អាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប។

បាន​ចុះ​ឆែកឆេរ​រក​ទំនិញ ដែល​ជា​ប្រភេទ​នំ​កូន​ក្មេង ត្រូវ​បាន​ម្ចាស់​ទីតាំង​ខាងលើ បាន​លួច​ក្លែងបន្លំ​ម៉ាក យក​មក​លក់​ពេញទី​ខេត្តសៀមរាប ដែល​ជា​របស់​ក្រុមហ៊ុន​គេ​មាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ ព្រមទាំង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​យក​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត និង​បិទ​ឃ្លុំបេ​ទីតាំង​ផ្ទះ​ទាំង​២​ល្វែង មាន​លេខ១១៥ និង​១១២ ផ្លូវ​លេខ​១២ នៅ​ក្នុង​បុរី​សៀង​ណាំ ស្ថិត​នៅ​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ជា​បណ្តោះ​អ​សន្ន​នោះ​ផង​ដែរ​។

ប្រភព​បាន​បញ្ជាក់​ថា ម្ចាស់​ទីតាំង​ទាំង​២​ល្វែង​នោះ​មាន​៖ ប្តី​ឈ្មោះ ជុក ឆៃ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ឹ​ង ជូ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាន​ចុះ​ឆែកឆេរ​រក​ឃើញ​ភស្តុ​តាង​រួច​មក កម្លាំង​ជំនាញ​ក៏​បាន​ចោទ​ពី​បទល្មើស​កម្មសិទ្ធិបញ្ញា ដែល​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ ហើយ​នាំ​ខ្លួន​(​ប្តី​)​ម្ចាស់​ទីតាំង​ទាំង​២​ល្វែង​នោះ យក​ទៅ​សួរនាំ នៅ​ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​បិទ​ទីតាំង​ទាំង​២​ល្វែង​ខាងលើ​នោះ​ជា​បណ្តោះអាសន្ន​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី